ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស។

ការលើកឡើងរបស់ លោក វ៉ី សំណាង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះដែរ លោកស្រី ហែម សារុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានស្នើដល់អាជ្ញាធរមូលដ្ឋាន ពិសេសគណៈគ្រប់គ្រងសាលារៀនរដ្ឋ និងឯកជនទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់អប់រំណែនាំដល់សិស្សឱ្យគោរពច្បាប់ចរាចរណ៍ បញ្ឈប់ការជិះទន្ទឹមគ្នា ២ ឬ៣ជួរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាន។

លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងបន្តថា កន្លងមកនេះ សង្កេតឃើញថានៅតាមសាលារៀនភាគច្រើន នៅពេលសិស្សចេញពីរៀន មានការជិះកង់ ម៉ូតូ ដង្ហែរគ្នាជាជួរទន្ទឹមគ្នា ដែលវាធ្វើមានការកកស្ទះ តាមដងផ្លូវ និងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដទៃ ដែលធ្វើដំណើរលើផ្លូវជាមួយគ្នាបាន។ ដូច្នេះសូមអាជ្ញាធរមូលដា្ឋន មន្រ្តីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់យុវជន សិស្ស និងប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ គោរពសិទ្ធអទិភាពគ្នា ដើម្បីរួមគ្នាកាត់បន្ថយការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍បន្តទៀត។

ឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សា លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា បញ្ហាចរាចរណ៍ជាបញ្ហាស្មុកស្មាញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយព្រោះបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស និងធ្វើឱ្យរងរបួសជារៀងរាល់ថ្ងៃ ការកើតឡើង នៃគ្រោះថ្នាក់ចរាចរណ៍ភាពច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ពិសារគ្រឿងស្រវឹងរួចបើកបរ និងមិនពាក់មួកសុវត្ថិភាព ដែលបញ្ហានេះអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ បង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋ យុវជន សិស្សានុសិស្សនៅតាមទីសាធារណៈ និងតាមសាលារៀននានា ឱ្យបានទូលំទូលាយ ជាមួយគ្នានោះដែរគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូក៏ត្រូវតាមដានរាល់សកម្មភាពសិស្សដែលគេចសាលាមិនចូលរៀន សម្ងំទៅធ្វើជាក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅ ក្រៅសាលារៀន ដែលបង្កភាពអនាធិបតេយ្យដល់សង្គម ក៏ដូចជាខេត្តទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖