ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឆ្នាំ២០២៥នេះ គ្រួសារដែលមានបណ្ណសមធម៌ នឹងកើនបានប្រាក់ឧបត្ថម្ភប្រចាំខែ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម អំពាវនាវដល់ពលរដ្ឋក្រីក្រយកកូនទៅចុះឈ្មោះដើម្បីបានអាហារូបករណ៍ ខណៈនៅក្នុងឆ្នាំ២០២៥នេះ គ្រួសារដែលមានបណ្ណសមធម៌ នឹងកើនបានប្រាក់ឧបត្ថម្ភប្រចាំខែ។

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ឬដែលមានបណ្ណសមធម៌អាចយកកូនៗរបស់ខ្លួនទៅចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារមានបណ្ណសមធម៌ ដែលត្រូវបានធ្វើសមាហរណកម្មចាប់ពីឆ្នាំ២០២៥នេះតទៅ។

បើតាមការបញ្ជាក់របស់ លោកបណ្ឌិត ចន ណារិទ្ធ, ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់គ្រួសារក្រីក្រ គឺអាស្រ័យទៅតាមចំនួនកូនក្នុងបន្ទុកនៃគ្រួសារនីមួយៗ ដែលចុះឈ្មោះចូលរៀន ដោយនៅក្នុងនោះ បើកុមាររៀននៅកម្រិតបឋមសិក្សាទទួលបាន ក្នុងម្នាក់ចំនួន២ ម៉ឺនរៀល ជាប្រចាំខែ។ ចំណែក កុមារ ឬសិស្ស ដែលចូលរៀននៅកម្រិតមធ្យមសិក្សា គឺក្នុងម្នាក់ទទួលបាន៣ម៉ឺនរៀល ក្នុងមួយខែ។ ការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ធ្វើឡើងតាមរយៈភ្នាក់ងារនៃធនាគារឯកទេស វីង ដែលនៅជិតលំនៅឋានរបស់ពួកគាត់តែម្តង។

តាមរបាយការណ៍របស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា មានសិស្សក្រីក្រទទួលផលសរុបចំនួនជាង២៦ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ និងត្រូវបានប៉ាន់ស្មានថា នឹងកើនដល់ចំនួនប្រមាណ៤៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៥៕

ដោយ ៖ សិលា


ចែករំលែក៖