ព័ត៌មានទាន់ហេតុការណ៍៖

លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបំភ្លឺដល់ប្រជាពលរដ្ឋករណីស្នើសុំចុះបញ្ជីដីចំនួន៤២ក្បាលដីក្នុងភូមិស្រែពោធិ៍

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៥ម្សិលមិញនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជួបជាមួយប្រជាពលរដ្ឋចំនួន៣២គ្រួសារ រស់នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺពីករណីស្នើសុំចុះបញ្ជីដីចំនួន ៤២ក្បាលដី។

ជំនួបនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមសំណាក់ប្រជាពលរដ្ឋ៣២គ្រួសារ អាជ្ញាធរសង្កាត់ស្រះឬស្សី នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដែលមានគោលបំណងដោះស្រាយនូវបញ្ហាដីរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំមកហើយ និងបានចុះវាស់វែងរួចរាល់ ប៉ុន្តែពុំទាន់អាចចេញជាប័ណ្ណកម្មសិទ្ធិកាន់កាប់ដោយស្របច្បាប់បាន។

នាឱកាសនេាះ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ដីដែលបងប្អូនស្នើសុំចុះបញ្ជីចំនួន៤២ក្បាលដីនេះ ជាដីដែលស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ របស់ក្រសួងកសិកម្ម ដែលមានភាពស្មុគស្មាញ ហើយអាជ្ញាធរបានគិតគូរណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដើម្បីបានចេញជាដីកម្មសិទ្ធិ  ប្រសិនបើអាជ្ញាធរខេត្ត ក្រុង និងសង្កាត់មិនគិតគូរពីបងប្អូនប្រជាពលរដ្ឋទេ ម្លេ៉ះមន្ត្រីជំនាញមិនចុះវាស់វែងឲ្យបងប្អូនឡើយ ។

លោក សរ សុពុត្រា បានបញ្ជាក់បន្តថា ការចុះវាស់ដីជូនបងប្អូនប្រជាពលរដ្ឋជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប៉ុន្តែអ្វីដែលចង់បញ្ជាក់គឺថាដីទាំងនេះបានស្ថិតនៅក្នុងគម្របព្រៃឈើ២០០២ ។ ក្រោយពីមានបញ្ហានេះកើតឡើងកន្លងមក អភិបាលខេត្តមុនៗ ក៏ធ្លាប់បានដាក់លិខិតស្នើសុំធ្វើអនុប្រយោគក្បាលដីទាំងអស់នេះមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ហើយនិងធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ។ លោកថាបញ្ហានេះគឺផុតពីការសម្រេចរបស់ខេត្ត ហើយមិនមាសិទ្ធិសម្រេចក្នងការចេញប័ណ្ណកម្មសិទ្ធិទេដោយស្ថិតក្នុងបញ្ជីអចលនទ្រព្យក្រសួងកសិកម្ម។

ជាមួយគ្នានេះដែរលោក គឹម ពិសិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្បាលដីរបស់បងប្អូនស្ថិតក្នុងភូមិស្រែពោធិ៍ដែលជាប់ក្នុងគម្របព្រៃឈើនេះ ក្បាលដីខ្លះជាប់មួយផ្នែក ក្បាលដីខ្លះជាប់ទាំងមូលតែម្តង  ហើយរដ្ឋបាលខេត្តក៏បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលចំនួន២ដងមកហើយដែរ លើកទី១ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយកិច្ចការងារគឺខេត្តបានគិតគូរចំពោះប្រជាពលរដ្ឋណាស់។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបកស្រាយទៅកាន់ប្រជាពលរដ្ឋថាបញ្ហាដីជាប់គម្របព្រៃឈើនេះមិនកើតមានតែបងប្អូនប្រជាពលរដ្ឋ ៣២ គ្រួសារនេះទេ ប៉ុន្តែជាបញ្ហាកើតមាននៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ លោកថា កាលពីជាង២៣ឆ្នាំមុន ខេត្តស្ទឹងត្រែងជាខេត្តដែលគ្របដណ្តប់ទៅដោយព្រៃឈើ៩០%  អញ្ជិងរាជរដ្ឋាភិបាលមានក្រសួងកសិកម្ម និងរដ្ឋបាលព្រៃឈើបានធ្វើផែនដីព្រៃ អញ្ជឹងហើយទើបដីបងប្អូនជាប់គម្របព្រៃ។

ក្នុងនោះ លោក ទុំ នីរ៉ូ បានលើកបន្ថែមថាខេត្តបានអនុវត្តទៅតាមនីតិវិធីហើយ និងស្នើឲ្យបងប្អូនមានការរង់ចាំព្រោះការងារទាំងអស់នេះត្រូវការពេលវេលា៕

ដោយ៖ ស សម


ចែករំលែក៖