សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានផ្សាយថា កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសដែលមានសមត្ថភាពរុករក ឬហៅថា guided bombs ជាង ៥១.០០០ គ្រាប់មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញទំហឹង កាលពីជិតបីឆ្នាំមុន។
គ្រាប់បែកទាំងនេះ ដែលត្រូវបានគេស្គាល់ផងដែរថា ជាគ្រាប់បែករអិល (glide bombs) មានសមត្ថភាពបំផ្លិចបំផ្លាញខ្ពស់ និងពិបាកក្នុងការស្ទាក់ចាប់។ វាជាអាវុធធម្មតា ដែលជារឿយៗ ផលិតឡើងក្នុងសម័យសូវៀត តែត្រូវបានបំពាក់បន្ថែម នូវស្លាបនិងប្រព័ន្ធរុករក ដោយផ្កាយរណបដើម្បីបង្កើនរយៈចម្ងាយ និងភាពជាក់លាក់។
កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍តាមរយៈកម្មវិធីផ្ញើសារ Telegram ថា ក្នុងឆ្នាំ ២០២៤ តែមួយ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកប្រភេទនេះ ប្រមាណ ៤០.០០០ គ្រាប់ នៅក្នុងប្រទេសអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា តំបន់ដែលនៅជិតទីតាំងជួរមុខ ក៏ដូចជាតំបន់ជាប់ព្រំដែនរុស្ស៊ី គឺជាគោលដៅញឹកញាប់បំផុតនៃការវាយប្រហារដោយអាវុធទាំងនេះ។
កាលពីថ្ងៃពុធ រុស្ស៊ីបានទម្លាក់គ្រាប់បែកដឹកនាំចំនួនពីរគ្រាប់លើតំបន់លំនៅឋានមួយ ក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និង ១១៣នាក់រងរបួស ដែលជាការវាយប្រហារដ៏សាហាវបំផុតក្នុងឆ្នាំនេះ ហើយនៅថ្ងៃព្រហស្បតិ៍នេះ ការវាយប្រហារដោយគ្រាប់បែកទៅលើអគារលំនៅឋាន ក្នុងទីក្រុង Kherson ភាគខាងត្បូង បានធ្វើឲ្យមនុស្សយ៉ាងតិច ៦នាក់រងរបួសផងដែរ។
អាជ្ញាធរអ៊ុយក្រែនបានអះអាងថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការទប់ទល់នឹងការវាយប្រហារដោយគ្រាប់បែកដឹកនាំគឺត្រូវកំណត់គោលដៅ ទៅលើយន្តហោះចម្បាំង ដែលផ្ទុកគ្រាប់បែកទាំងនោះ និងអាកាសយានដ្ឋាន ដែលជាមូលដ្ឋានរបស់យន្តហោះទាំងនោះ៕ ដោយ៖ ធីរីណា
រូបថត៖ Getty