ភ្នំពេញ ៖ លោក សួន សិរីរដ្ឋា ចាត់ទុកឃាតកម្មលើ លោក លឹម គឹមយ៉ា គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ» ហើយទម្លាយថារូបលោកផ្ទាល់ ធ្លាប់ត្រូវបានគេលួងលោមឱ្យចូលរួមសម្លាប់ កឹម សុខា ទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា ៖ លោក សួន សិរីរដ្ឋា អតីតមេបក្សប្រឆាំងនឹងរាជរដ្ឋាភិបាល បានមើលឃើញថា ឃាតកម្មលើលោក លឹម គឹមយ៉ា អតីតថ្នាក់ដឹកនាំបក្សប្រឆាំង គឺជាករណី «ស្វាស៊ីបាយ លាបមាត់ពពែ»។
តាមរយៈបង្ហោះ Facebook លោកបានលើកឡើងថា ករណីនេះ អាចមានទាក់ទងនឹងក្រុមចំនួន២ ដែលកំពុងប្រើប្រាស់ទឹកដីថៃធ្វើជាជម្រកនយោបាយផង និងជាជម្រកឧក្រិដ្ឋកម្មភេរវកម្មផង ហើយដែលតែងតែរៀបចំផែនការធ្វើសកម្មភាពបង្ករចលាចលក្នុងប្រទេសកម្ពុជាកន្លងមក។
បើតាមលោក សួន សិរីរដ្ឋា ក្រុមពីរនោះគឺ៖
ទី១៖ ក្រុមរបស់ សម សេរី ដែលពួកនេះតាំងដើមមកប្រមូលចងក្រងយកតែ ពលករញៀនថ្នាំ រស់នៅក្នុងប្រទេសថៃ ឲ្យចូលជាសមាជិកនិងបង្ហាត់បណ្តុះបណ្តាលតែមនោគមវិជ្ជាហិង្សា សង្គ្រាមនិយម តាមរយៈបង្កើតកងទ័ពប្រដាប់អាវុធខុសច្បាប់និងកម្លាំងបំផ្ទុះគ្រប់រំសេវជាដើម ។
ទី២៖ ក្រុម សម រង្ស៊ី ដែលជាពួកអតីតៈទាហានសាធារណៈរដ្ឋ ក៏ជាអ្នកសង្គ្រាមនិយមដែរ ដែលបានចូលនិវត្តន៍ពីការងារឬស៊ីលុយរដ្ឋ មកពី បារាំងអាមេរិកនិងកាណាដា ហើយរាល់ថ្ងៃមកសំងំរស់នៅចាយលុយចូលនិវត្តន៍ក្នុងប្រទេសថៃ ដើរទាក់ទងអតីតៈទាហានថៃ អតីតៈទាហានលាវ ឬមីយ៉ាម៉ា ដើម្បីជួយខ្លួនរកឱកាសបង្ករការអុកឡុកប្រទេសខ្មែរឲ្យច្របូកច្របល់វឹកវរនយោបាយក្នុងប្រទេសខ្មែរនិងស្វែងរកឱកាសធ្វើអ្វីមួយដើម្បីបានជាលេសទម្លាក់កំហុសមកលើ គណបក្សប្រជាជនកម្ពុជា។
និយាយដល់ក្រុមនេះ លោក សួន សិរីរដ្ឋា បានទម្លាយថា កាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ ពួកគេធ្លាប់បានទាក់ទងលួងលោមរូបលោក ឲ្យចូលរួមក្នុងផែនការសម្លាប់ កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឲ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។
លោក សួន សិរីរដ្ឋា បន្តថា ក្រុមទាំង២ នេះថ្វីត្បិតតែចូលគ្នា តែមានទាក់ទងជួយលុយ ជួយចិញ្ចឹមគ្នាក្នុងប្រទេសថៃយូរហើយ គ្រាន់តែមិនចូលគ្នាទេ ដោយសារបែងចែករវាង ជំនាន់ចាស់ (សាធារណៈរដ្ឋ) និងក្មេង។ តែពួកគេមានទិសដៅបង្ករការអុកឡុកនិងបង្កើតឧក្រិដ្ឋកម្ម ហឹង្សានិយមនិង ភេរវកម្មដូចគ្នា ។
បើតាម លោក សួន សិរីរដ្ឋា បានឱ្យដឹងថា លោក លឹម គឹមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារ លឹម គឹមយ៉ា យល់ និងចាត់ទុកថា ចលនានេះ គឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្ម ប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើប លឹម គឹមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយ គណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតៈសង្គ្រោះជាតិ ។ តាមអ្នកឲ្យព័ត៌មានច្បាស់ការបានឲ្យដឹងថា លឹម គឹមយ៉ា នឹងជួបជាមួយ ញ៉ែម ប៉ុញ្ញឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ។
យោងលើហេតុផលដូចលើកឡើងខាងលើនេះ លោក សួន សិរីរដ្ឋា ទាញការសន្និដ្ឋានថា ករណីឃាតកម្មលើ លឹម គឹមយ៉ា គឺមានជាប់ទាក់ទងនឹងពួក២ក្រុមខាងលើជាអ្នកធ្វើ ដើម្បីទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា ពោលគឺ «ស្វាស៊ីបាយ លាបមាត់ពពែ»។
អញ្ចឹងហើយបានគេច្រើននិយាយថា ៖ ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន?
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗ ប្រើ ប្រាស់ យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បី មានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេស ការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅ តាម បែប ផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។ ការប្រជែងគ្នាដណ្ដើមភាពជោគជ័យ នៅក្នុង សង្វៀន នយោបាយ គឺជាលក្ខខណ្ឌកំណត់ការរីកចម្រើននៃសង្គមជាតិដ៏ប្រសើរ បំផុត នៅ ពេល ដែលអ្នក នយោបាយនៅក្នុងសង្គមនោះ ធ្វើការប្រកួតប្រជែងគ្នាទៅលើ គោល នយោបាយដើម្បីជំរុញវឌ្ឍនភាពសង្គមនៅតាមវិស័យនានា ដែលខ្លួនយល់ថា នៅ មានការខ្វះខាត ឬ ដើម្បី អភិវឌ្ឍ សង្គមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទោះជាយ៉ាង ណា ដើម្បី ឈានទៅ ក្រសោបយកអំណាចរដ្ឋ អ្នកនយោបាយខ្មែរមួយចំនួន បានប្រើប្រាស់ វិធីសាស្ត្រ គ្រប់បែប យ៉ាង ស្របទៅតាមមហិច្ឆតា និងការចង់បានរបស់ខ្លួន មិនខ្វល់ខ្វាយអំពី ផលវិបាក ឬគ្រោះ ថ្នាក់ ដែលបណ្ដាល មកអំពើរបស់ខ្លួន រហូតដល់ក្នុងករណីខ្លះ ពួកគេ ថែមទាំងបាន ក្លាយខ្លួន ទៅ ជា អ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន ថែមទៀត ផង ៕
ដោយ ៖ សិលា