ខេត្តកំពង់ធំ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះថា៖ បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូបទទួលបានការធានាថ្លៃទុកជាមុន ១ ៣៥០ រៀលក្នុងមួយគីឡូក្រាម។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យប្រជាកសិករ រួមគ្នាជាសហគមន៍ផលិតពូជស្រូវខ្មែរតាមកិច្ចសន្យាគឺជាជម្រើសសុវត្ថិភាព អាចការពារបងប្អូនកសិករយើងពីហានិភ័យទីផ្សារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១០ ខែមករាម្សិលមិញនេះ បងប្អូនកសិករចំនួន ២៨៥គ្រួសារ មានផ្ទៃដីដាំដុះស្រូវសរុប ជិត៣៣០០ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូបក្នុងតម្លៃកុងត្រាទុកមុន ១៣៥០ រៀល ក្នុងមួយគីឡូក្រាម។
លោក ឃឹម ហ្វីណង់ បានអះអាងថា កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម ដែលជាពូជរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។
ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។
សហគមន៍ថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច។ ទោះបីជាយ៉ាងណា ក៏មានមតិកសិករមួយចំនួនបានលើកឡើងថា កសិករក៏ចង់ធ្វើស្រូវសែនក្រអូប ប៉ុន្តែតំបន់មួយចំនួន ធ្វើស្រូវសែនក្រអូបមិនទទួលបានទិន្នផលនោះទេ៕
ដោយ៖ តារា