សារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យ ទី១២ ខែមករា បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូងដែលនឹងសម្រេចថា តើត្រូវទុកឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះនោះទេ។
លោក Yun Gap-geun ជាមេធាវីម្នាក់របស់លោក Yoon ធ្វើការប្រកាសបែបនេះ ខណៈដែលតុលាការធម្មនុញ្ញកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសវនាការទាញហេតុផលលើសេចក្ដីសម្រេចរបស់សភា ដែលបានបោះឆ្នោតដកតំណែងលោក Yoon ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ និងក្នុងបរិបទដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ ដើម្បីសួរចម្លើយក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ទាក់ទិននឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះដែរ។
លោក Yun Gap-geun បានគូសបញ្ជាក់បន្ថែមថា «ខណៈដែលការប៉ុនប៉ងដោយខុសច្បាប់ដើម្បីអនុវត្តដីកាខុសច្បាប់ និងគ្មានសុពលភាពកំពុងប្រព្រឹត្តទៅ វាពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ដូច្នេះដើម្បីសម្រួលឱ្យលោកប្រធានាធិបតីបង្ហាញខ្លួនក្នុងសវនាការ បញ្ហាសុវត្ថិភាពនិងសន្តិសុខគួរតែត្រូវបានដោះស្រាយជាមុនសិន»។
បើតាមលោក Yun លោក Yoon Suk Yeol នឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើបញ្ហាដែលលោកបានលើកឡើងត្រូវបានដោះស្រាយ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមសវនាការទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ហើយសវនាការសរុបទាំង៥ដំណាក់កាលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ៕ ដោយ៖ ធីរីណា
រូបថត៖ AFP