ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ. ដើម្បីពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ និងចរិយាធម៌ របស់សិស្សានុសិស្ស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ. ក្រោមអធិបតីភាពលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ) និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងអប់រំយុវជន និងកីឡា   លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.វ.អ. លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន លោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយិការសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស សរុបប្រមាណ ជាង៤០០នាក់ចូលរួម ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

យុទ្ធនាការគាំទ្រសាលារៀន គឺជាផ្នែកមួយនៃសកម្មភាពអាទិភាពដ៏សំខាន់របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការបអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (លេខាធិការដ្ឋាន គ.វ.អ.) ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗ ក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។

វិធានការគន្លឹះក្នុងវិស័យអប់រំត្រូវបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំដោយផ្តោតលើ ៖ អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ។

ថ្លែងក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្សគឺជា ទិសដៅអាទិភាពទី១ ក្នុងការផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។ ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិធានការគន្លឹះ គ.វ.អ. និងចក្ខុវិស័យនៃការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋ ជាពិសេសសាលារៀនគោលដៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន, បង្កើនការចូលរួមរបស់សហគមន៍, ពង្រឹងឆន្ទៈ បំពាក់ស្មារតី និងការទទួលខុសត្រូវក្នុងការងាររបស់គ្រូបង្គោល ក៏ដូចជានាយកសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធសំខាន់ៗ ,ពង្រឹងកិច្ចសហការ និងកៀរគរការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុនពេលលេខាធិការដ្ឋានអនុវត្តវិធានការគន្លឹះ នៅតាមសាលាគោលដៅឱ្យទទួលបានជោគជ័យ, បង្កើតឱកាសជួបគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោលផ្នែកគាំទ្រសាលារៀន និងភាគីសាលារៀន គោលដៅ ព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទាំងពីរភាគី ក្នុងការអនុវត្តវិធានការគន្លឹះ ដោយទំនុកចិត្ត និងលទ្ធផលល្អប្រសើរ, ពង្រឹងឆន្ទៈ និងបំពាក់នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោល នាយកសាលា និងគ្រូបង្រៀន ក្នុងការអនុវត្តភារកិច្ច ព្រមទាំងបង្ហាញពីការគាំទ្រពេញទំហឹង និងគ្រប់ដំណាក់កាលពីសំណាក់ លេខាធិការដ្ឋាន គ.វ.អ. ដល់សាលារៀនគោលដៅទាំងអស់។

ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់មន្ទីរអប់រំយុវជន និងកីឡា លោកអភិបាលក្រុងស្រុក បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំ និងការបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងស្មារតីសាមគ្គី ដើម្បីឳ្យវិស័យអប់រំក្នុងខេត្តមានភាពរីចម្រើន មានចំណេះដឹងយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា វគ្គគាំទ្រសាលារៀនគោលដៅ មានគោលបំណងជួយឲ្យសាលាទទួលបាននូវបទពិសោធន៍ ឧត្តមានុវត្តពីអតីតនាយកសាលាមានស្នាដៃល្អ និងជំរុញការអនុវត្តវិធានការគន្លឹះឲ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ដែលអាចប្រែក្លាយជាចលនាជាតិក្នុងការលើកកម្ពស់គុណភាពអប់រំ និងកែប្រែឥរិយាបថអវិជ្ជមានរបស់សិស្សឲ្យបានទូលំទូលាយបំផុតតាមវិធីសាស្ត្រផ្ការីកក្នុងពេលអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖