ព័ត៌មានទាន់ហេតុការណ៍៖

ដើមឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ!

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។

អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមានករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ជាដើម។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ៕

ដោយ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖