-អូ…មិត្ត…នារី…ណាន…មាន…កិត្តិយសណាស់…បាន…មកបាយ…ជា…មួយ…លោក…នាយ…អ៊ន់។ ខ្ញុំស្ដាប់គាត់និយាយត្រដិតមិនចង់បានផង។ ម្យ៉ាងទៀតខ្ញុំឃើញមុខនាយសំអុលនេះភ្លាម ខ្ញុំតាំងក្តៅស្លឹកត្រចៀកយ៉ាងម៉េចមិនដឹងទេ។ លោកអ៊ន់ ឃើញបែបនេះក៏យល់ការណ៍ទើបប្រើទៅមិត្ត អុល ដោយស្រែកខ្លាំងៗថា អុលឯងទៅរកបេះផ្លែម្ទេសឯក្បែរផ្ទះបាយឱ្យខ្ញុំបានបួនប្រាំមក។ មិត្តអុលចេញទៅបាត់ ខ្ញុំក៏ចាប់និយាយបន្តទៀតជាមួយពូអ៊ន់បន្តទៀតថា តើឱ្យខ្ញុំយកធ្វើប្តីយ៉ាងម៉េចទៅពូ បើគាត់បែបហ្នឹងនោះ? ពូអ៊ន់ តបវិញថាធ្វើម៉េចបើសំអុលជួបគ្រោះថ្នាក់ខូចសំឡេងអស់បែបនេះក្នុងសង្គ្រាមឯព្រំដែន។ សំអុលប្រឹងប្រែងប្រយុទ្ធដើម្បីជាតិណាស់ យោធាទាំងអស់ហ៊ានពលីជីវិតដើម្បីប្រជាជនយើង។ ខ្ញុំនឹកអាណិតមិត្តសំអុលបន្តិចខ្លះដែរ។ ពួកអ៊ន់ ឃើញខ្ញុំអង្គុយភ្លឹកមិនដឹងខ្លួនបែបនេះគាត់ក៏មានប្រសាសន៍បន្តទៀតថា “ស្រេចតែចិត្តក្មួយណានទេ” ទទួលឬមិនទទួលក្មួយទៅប្រាប់មិត្តសំអុលដោយខ្លួនឯងផង។ ពូមិនអាចបង្ខំបានទេ ព្រោះឃើញក្មួយធ្លាប់រត់គេចចោលពេទ្យព្រោះតែរឿងរៀបការនេះម្ដងហើយ។ ខ្ញុំតឹងចិត្តពេកក៏លាពូអ៊ន់មកចង្ក្រានបាយវិញ។ ខ្ញុំក្រឡេកឃើញមិត្តសំអុលកំពុងតែរកបេះផ្លែម្ទេសមិនទាន់បានយកទៅឲ្យពូអ៊ន់ទេ។ នៅពេលដែលខ្ញុំឃើញនៅក្បែរនោះគ្មានមនុស្សម្នាក់សោះខ្ញុំក៏សម្រេចចិត្តហៅមិត្តសំអុល។មកនិយាយគ្នាឲ្យច្បាស់ថា កុំប្រាថ្នាខ្ញុំអី ព្រោះខ្ញុំមិនទាន់ចង់បានប្ដីទេ។ ស្ថិតនៅពីក្រោយមិត្តសំអុលប្រហែលជា៥ម៉ែត្រ ខ្ញុំក៏ដាច់ចិត្តហៅមិត្ត សំអុល។
” មិត្តសំអុល” ខ្ញុំស្រែកហៅគាត់ប្រាំបីប្រាំបួនដង មិនឃើញគាត់ឆ្លើយសោះ។ ខ្ញុំឆ្ងល់យ៉ាងខ្លាំងប្រហែលគិតថាមិត្តសំអុលខឹងនឹងខ្ញុំទេដឹងទើបមិនឆ្លើយបែបនេះ។កន្លះម៉ោងក្រោយមក ខ្ញុំសង្កេតឃើញអ្នកផ្សេងហៅគាត់ដែរ គឺទៅនិយាយពីមុខគាត់ហើយស្រែកខ្លាំងៗទើបគាត់ស្ដាប់ឮ។ ខ្ញុំដឹងថាមិត្តសំអុលមិនត្រឹមតែត្រដិតទេ ប៉ុន្តែថ្លង់ថែមទៀត។ ខ្ញុំកាន់តែអាណិតគាត់ជាងមុន ប៉ុន្តែរឹតតែមិនអាចរៀបការជាមួយគាត់បានទេ។ ដោយខ្លាចមិត្ត សំអុលឈឺចាប់ ខ្ញុំមិនបានប្រាប់គាត់ដោយផ្ទាល់នោះទេ។ ខ្ញុំបានប្រាប់សាមានដែលជាមិត្តរបស់ខ្ញុំឲ្យទៅប្រាប់គាត់ថា ខ្ញុំមិនទាន់ចង់បានប្ដីទេ។ លទ្ធផលពីការបដិសេធរៀបការជាមួយមិត្តសំអុលនោះ គឺខ្ញុំត្រូវគេរៀបចំគម្រោងបញ្ឆោតយកទៅសម្លាប់ពីពីរទៅបីដងក្នុងមួយថ្ងៃ។ បើកុំតែបានពូ សាឡាត់ ជួយការពារខ្ញុំត្រូវស្លាប់បាត់ទៅហើយ។
ផុតពីបញ្ហារបស់មិត្តសំអុលមិនទាន់បានប៉ុន្មានម៉ោងផង ល្ងាចឡើងនៅពេលដែលខ្ញុំកំពុងតែដាំស្លនៅក្នុងរោងបាយ ពូអ៊ន់ បានមកប្រាប់ថា ថ្ងៃស្អែកនឹងមានយោធាមួយក្រុមមកដល់មន្ទីរហើយគាត់ប្រាប់ឲ្យយើងត្រៀមខ្លួនតម្រង់ជួរឱ្យក្រុមយោធារើសធ្វើជាប្រពន្ធ។ ពេលដែលខ្ញុំស្ដាប់ឮ ពូអ៊ន់និយាយភ្លាម ខ្ញុំទន់ជង្គង់ដើរមិនចង់រួច។ ល្ងាចនោះខ្ញុំអត់បាយមួយយប់ ហូបបាយលែងកើតដោយខំរិះរកវិធីដោះស្រាយពេញមួយយប់ ដើម្បីគេចពីការរៀបការម្ដងទៀត។ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ កាលពីមុនខ្ញុំអាងលើពូសាឡាត់ទើបខ្ញុំរត់មកបន្ទាយបាក់អាយនេះ ហើយចុះឥឡូវនេះវិញ គឺខ្ញុំត្រូវរៀបការនៅបន្ទាយនេះតែម្ដងឬ? តើឱ្យខ្ញុំគិតរកជំនួយពីខាងណាទៀតទៅ។ហេតុអ្វីជីវិតរបស់ខ្ញុំក្នុងពេលនេះវេទនាអ្វីយ៉ាងនេះ? តាំងពីល្ងាចរហូតដល់ម៉ោង ៤ ទៀបភ្លឺទៅហើយ ខ្ញុំដេកមិនលក់ គិតចុះគិតឡើងវិលវល់អស់។ ខ្ញុំបានយកសម្ដីពូ អ៊ន់ មកគិតសាជាថ្មីក៏មានសង្ឃឹមឡើងវិញត្រង់គាត់បានបញ្ជាក់ថាប្រសិនបើនរណាចង់បានប្ដី ឱ្យទៅតម្រង់ជួរជាមួយគេទៅ។ ដូច្នេះ វាហាក់បីដូចជាមានន័យថា បើយើងមិនទាន់ចង់បានប្តីទេ យើងកុំទៅតម្រង់ជួរ។ ខ្ញុំដឹងថា ខ្ញុំអាចមិនចូលរួមតម្រង់ជួរជាមួយនឹងគេបាន។ ខ្ញុំធូរស្រាលចិត្តឡើងវិញ៊។ ព្រលឹមឡើង កងទ័ពមកពីសមរភូមិបានមកដល់។ ស្រីៗនៅក្នុងបន្ទាយទាំងអស់បានចូលទៅតម្រង់ជួរប្រហែលជាង ២០ នាក់។ ស្រីៗត្រូវកងទ័ពទាំងអស់រើសយកធ្វើជាប្រពន្ធដូចជារើសខោអាវអ៊ីចឹង។ មិត្តនារីរបស់ខ្ញុំទាំង ៦ នាក់ដោយខ្លាចអង្គការក៏ចូលទៅតម្រង់ជួរទាំងអស់។ ចំណែកឯខ្ញុំវិញនៅពេលដែលនារីៗតម្រង់ជួរខ្ញុំបានរត់ទៅពួននៅក្នុងព្រៃក្បែរផ្ទះ។ លុះពិធីបានបញ្ចប់ទើបខ្ញុំចេញមកវិញជាធម្មតា។ មិត្តរបស់ខ្ញុំទាំង ៦ នាក់ ត្រូវបានយុទ្ធជនជ្រើសរើសធ្វើជាប្រពន្ធទាំងអស់។ ប៉ុន្តែត្រូវបានមិត្តរបស់ខ្ញុំគ្រប់គ្នាប្រកែក ព្រោះយុទ្ធជនទាំងអស់នោះគឺជាជនពិការ។ រឿងនេះបានធ្វើឲ្យពូ អ៊ន់ និងពូសាឡាត់ ជួយសម្រួលជាបន្ទាន់ដែរ។ សំណាងល្អដែលយុទ្ធជនទាំងនោះព្រមទទួលនូវការសម្រុះសម្រួលពីពូអ៊ន់ និងពូសាឡាត់។ ខ្ញុំគិតថា ប្រសិនបើគ្មានពួកគាត់ទេខ្ញុំនឹងមិត្តរបស់ខ្ញុំមិនដឹងជាត្រូវស្លាប់តាំងពីពេលណាទេ។
ក្រោយមកទៀត នៅក្នុងបន្ទាយបាក់អាយមានការតម្រង់ជួររើសនារីមករៀបការជាច្រើនដង។ ប៉ុន្តែនៅពេលតម្រង់ជួរម្ដងៗ គឺមិនមានវត្តមានរបស់ខ្ញុំទេ។ ម្នាក់ៗចេះតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំអាចគេចខ្លួនរួចរហូតយ៉ាងនេះ? ដោយសម្គាល់ឃើញអវត្តមានរបស់ខ្ញុំពីការតម្រង់ជួរច្រើនដង យោធាម្នាក់ឈ្មោះ អ៊ាត បានលើករឿងខ្ញុំទៅថ្នាក់លើថា ខ្ញុំមិនធ្វើតាមបញ្ជារបស់អង្គការ។ ខ្ញុំភ័យម្ដងទៀតព្រោះការគេចវេសរបស់ខ្ញុំត្រូវគេដឹងហើយ។ មិនបានប៉ុន្មានម៉ោងផងមិត្ត អ៊ាត បានបង្ហាញអាកប្បកិរិយាថា ស្រឡាញ់ខ្ញុំ។ ខ្ញុំដឹងថាមិត្តអ៊ាត
មិនហ៊ានប្រាថ្នាខ្ញុំឡើយព្រោះយើងទាំងពីរនាក់ ធ្លាប់បានស្គាល់គ្នាតាំងតែពីតូចៗមកម្លេះ។
មិត្តអ៊ាត បានណែនាំខ្ញុំឲ្យទៅយោធាម្នាក់ទៀតឈ្មោះមិត្តយឿន ដោយឲ្យមិត្តយឿនមកស្នើពូអ៊ន់សុំរៀបការជាមួយខ្ញុំ។ ក្រោយពីបានស្គាល់ខ្ញុំហើយ មិត្តយឿន ក៏អស់សង្ឃឹមមិនហ៊ានប្រាថ្នាខ្ញុំទៀតឡើយ។ អស់ពីមិត្តអ៊ាត និងមិត្តយឿន មានបុរសម្នាក់ទៀតបានចូលមកចែចូវខ្ញុំជាបន្តបន្ទាប់។បុរសម្នាក់នោះឈ្មោះមិត្ត រិន។ មិត្តរិន មានសម្បុរខ្មៅ ទាបក្រអាញថែមទាំងមានសក់រួញអង្គាដីបានមកសុំស្រឡាញ់ខ្ញុំ។
ខ្ញុំគិតថារស់នៅក្នុងបន្ទាយបាក់អាយត្រឹមតែ ៥ ខែ ខ្ញុំចេះតែមានបញ្ហាម្ដងហើយម្ដងទៀត។ ខ្ញុំបានសុំអង្គការទៅរៀននៅភ្នំពេញវិញក្រែងបានរួចផុតពីបញ្ហាបានខ្លះ។បន្ទាប់ពីខ្ញុំបានស្នើសុំឲ្យពូសាឡាត់ចុះឈ្មោះឱ្យខ្ញុំបានទៅរៀននៅឯភ្នំពេញហើយ នៅពាក់កណ្ដាលខែតុលាឆ្នាំ១៩៧៧ ខ្ញុំបានទៅភ្នំពេញដូចបំណងមែន។ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តទៀតនោះ គឺមិត្តនារីទាំង ៦ នាក់របស់ខ្ញុំដែលរត់មកពីមន្ទីរពេទ្យភូមិក្រូចជាមួយគ្នា ក៏បានទៅរៀននៅភ្នំពេញទាំងអស់គ្នាដែរ។ ប៉ុន្តែអ្វីដែលពិបាកសម្រាប់ខ្ញុំនោះ គឺខ្ញុំត្រូវបានមិត្ត រិន អង្វរឃាត់ឃាំងមិនឲ្យខ្ញុំទៅទេ។ មិត្ត រិន បាននិយាយរៀបរាប់អង្វរខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែចាកចេញទៅ។ នេះប្រហែលជាខ្ញុំនិងមិត្តរិន មិនមែនជាគូនឹងគ្នាដូចចាស់ៗតែងតែតំណាលហើយ។ ខ្ញុំបានចាកចេញពីបន្ទាយបាក់អាយទៅរៀនបន្តនៅឯភ្នំពេញ។ ជីវិតជានិស្សិតក្នុងសម័យខ្មែរក្រហមទទួលបានការបង្រៀនដោយអនុវត្តផ្ទាល់ និងគ្មានគ្រូបច្ចេកទេសបង្វឹកត្រឹមត្រូវក៏បានចាប់ផ្ដើមឡើង៕ (ចប់ដោយបរិបូណ៌)