ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០២៦ នេះថា បុរសម្នាក់ដែលជាប់ចោទករណីអំពើឃាតកម្មកាលឆ្នាំ២០១៣ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរបុរីអនុវត្តដីការ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ១៣ ឆ្នាំ។
ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលនិតិវិធីច្បាប់ពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ,លោក វរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២នាក់ មានដូចខាងក្រោម÷
១- ជនជាប់ចោទ ឈ្មោះ សៅ សារុន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ) មានទី លំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទឃាតកម្មប្រព្រឹត្តនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៣ តាមដីកាលេខៈ ២៤២/២០១៩ ចុៈថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តតាកែវ ។
២- ជនជាប់ចោទ ឈ្មោះ ផាន់ មិថុនា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ពីបទ : (អំពើលួច) ប្រព្រឹត្តនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាលេខៈ ១៤២”ដ”/២០២៥ ចុៈថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្ន កម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទាំង ០២នាក់ខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច