ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន​ សែន​៖ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់កម្ពុជា នៅតែដដែលស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង។​ សម្តេចបានបន្តថា រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។

ជាក់ស្ដែងនៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា​ បានគូសរំលេចយ៉ាងដូច្នេះថា៖ «ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់យើងគឺនៅដដែល។ ពីមុន និយាយផ្នែកគយមួយ ក្នុងមួយខែគ្រាន់តែបានឃើញថារកចំណូលបានត្រឹមតែ២០-៣០លានដុល្លារ គឺអរចង់ហោះហើយ។ តែឥឡូវ ចំណូល២៣០-២៤០លានដុល្លារអីក្នុងមួយខែ វាតិច បើចាប់ពី២៥០លានឡើង បានវាខ្ពស់»។

-​ សម្ដេចតេជោ បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងឯណោះ។ រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។ 

-​ សម្ដេចតេជោ​ បានប្រកាសយក ទីតាំងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិមួយ នៃប្រធានព្រឹទ្ធសភា និងរដ្ឋសភាប្រមាណ ៤០ប្រទេសដែលនឹងរៀបចំឡើងនាពេលខាងមុខ។ 

-​ សម្ដេចតេជោ​ ថ្លែងថា ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់យើងគឺនៅដដែល។ ពីមុន និយាយផ្នែកគយមួយ ក្នុងមួយខែគ្រាន់តែបានឃើញថារកចំណូលបានត្រឹមតែ២០-៣០លានដុល្លារ គឺអរចង់ហោះហើយ។ តែឥឡូវ ចំណូល២៣០-២៤០លានដុល្លារអីក្នុងមួយខែ វាតិច បើចាប់ពី២៥០លានឡើង បានវាខ្ពស់។ 

-​ សម្តេចតេជោ ថ្លែងផ្តាំជាថ្មីទៅពួកប្រឆាំងក្រៅស្រុកថា អ្នកណាក៏ដោយដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន គឺងើបមួយវាយមួយ គឺមិនលើកលែងឡើយ។ សម្ដេចតេជោ បានបញ្ជាក់ថា ការដឹកនាំប្រទេសកម្ពុជា ប្រសិនបើអត់ត្រកូលហ៊ុនក៏មិនទាន់ដល់ពេលត្រកូល សម ឬត្រកូលណានោះដែរ គឺមានកូនទេវតាច្រើនណាស់ចាំដឹកនាំ។

-​ សម្ដេចតេជោ​ ថ្លែងថា ពីដើម ការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជា គឺវេទនាណាស់លោកព្រះ វេទនាត្រង់ថា ប្រាក់ខែតិចហើយ អត់មានលុយបើកឱ្យគេទៀត បានជាមានមន្ត្រីយើងនិយាយថា ស្រុកខ្មែរ មួយខែ៦០-៧០-៨០-៩០ថ្ងៃ ប៉ុន្តែស្រុកខ្មែរឥឡូវនេះ មួយខែមានតែ១៥ថ្ងៃទេ ព្រោះ១៥ថ្ងៃបើកប្រាក់ខែម្ដង។ និយាយចឹង មិនមែនយើងមានបាន និងចាយមិនសន្សំចំចៃនោះដែរ ។

គួរជម្រាបជូនថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។

បើតាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានបញ្ជាក់ថា តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់៕ដោយ​៖តារា​


ចែករំលែក៖