ខេត្តកំពត៖ មន្ត្រីជំនាញផ្នែកសាសនា និងទេសចរណ៍បានបញ្ជាក់ថា ការសាងសង់ប្រាសាទមាសលោកជំទាវ ម៉ៅ លើភ្នំទ្វា ទល់មុខអាស្រមចាស់ គឺជាទីតាំងសាក់សមបំផុតសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិតាមជំនឿលើលោកយាយម៉ៅ ហើយទីតាំងនេះក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍សាសនាដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តកំពត ព្រោះលើកំពូលភ្នំនេះមានខ្យល់អាកាសបរិសុទ្ធ ថែមទាំងអាចមើលឃើញទេសភាពជួរភ្នំ និងខេត្តកំពតបានយ៉ាងស្រស់ស្អាត។
នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នាប្រារព្ធពិធីរំកិលរូបសំណាកលោកយាយ ម៉ៅ ចូលកាន់អាសនៈក្នុងប្រសាទមាសលោកជំទាវ ម៉ៅ នៅលើកំពូលភ្នំទ្វា ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់) ដែលប្រាសាទនេះកសាងឡើងដោយឯកឧត្តម ម៉ៅ ធនិន លោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំង បុត្រា បុត្រី និងចៅៗ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវ ម៉ៅ នៅលើកំពូលភ្នំទ្វានេះ គឺក្នុងទិសដៅដើម្បីអភិរក្សក៏ដូចជាការកសាងកន្លែងជំនឿ ហើយទីនេះមានទីធ្លាធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។ លោកប្រធានមន្ទីរបានបន្តថា ដោយឡែកទីតាំងអាស្រមលោកយាយ ម៉ៅ ដែលមានពីមុនមកគឺត្រូវបានរក្សាទុកនៅដដែល ហើយការកសាងប្រាសាទមាសនៅលើភ្នំនេះគឺជាការកសាងបន្ថែមដើម្បីឱ្យមានភាពទូលំទូលាយសម្រាប់ការគោរពប្រណិប័ត្ត ម្យ៉ាងទៀត ទីតាំងនេះក្រោយពីបញ្ចប់ការសាងសង់ក៏នឹងអាចក្លាយទៅជាជំនឿ និងជាតំបន់ទេសចរណ៍សាសនាផងដែរ។
ចំណែកឯលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានឱ្យដឹងដែរថា គឺជារឿងមួយដែលល្អសម្រាប់ខេត្តកំពត ដែលប្រាសាទមាសលោកជំទាវ ម៉ៅ ត្រូវបានសាងសង់នៅលើកំពូលភ្នំទ្វានេះ ព្រោះប្រាសាទមាសនេះនឹងបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ។ លោកប្រធានមន្ទីរបានបន្តថា ក្រោយសាងសង់ប្រាសាទនេះរួច តំបន់នេះនឹងក្លាយទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះមានជីវភាពកាន់តែប្រសើរឡើងបន្ថែមទៀត ដោយទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍។
សូមបញ្ជាក់ថា ប្រាសាទមាសលោកជំទាវ ម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិលោកយាយ ម៉ៅ ផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងខេត្តកំពតផងដែរ៕
ដោយ៖ ចន្ទ លីហ្សា