ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពជាបានសម្តែងការសរសើរ ចំពោះសមត្ថភាព និងទេពកោសល្យរបស់ បេក្ខនារី ចន ដាវណ្ណ អាយុ២៣ឆ្នាំ មកពីខេត្ត កំពង់ស្ពឺដែលចូលរួមប្រឡងក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី២ ដែលបាន ចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅលើកញ្ចក់ទូរទស្សន៍ហង្ស មាស ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការសម្តេចថា «មិន នឹកស្មានថា ក្មួយស្រីមានសមត្ថភាពនិង ទេពកោសល្យបែបនេះដែលអ៊ំប្រុសអ៊ំស្រីសុំកោតសរសើរដោយស្មោះ»។
បេក្ខនារី ចន ដាវណ្ណ មកពីខេត្តកំពង់ស្ពឺ បានបញ្ចេញសមត្ថភាពរបស់ខ្លួននៅចំពោះមុខគណៈកម្មការទាំង៤ ក្នុងការប្រឡងកម្ម វិធី«Cambodian Idol»រដូវកាលទី២។ យុវតី រូបនេះបានសម្តែងសមត្ថភាពច្រៀងចម្រៀង មួយបទមានចំណងជើងថា «វណ្ណៈសង្គម» ជាប្រភេទបទមនោសញ្ចេតនាកម្សត់ ។ អ្វីដែលពិសេសជាងនេះគឺបេក្ខនារី ចន ដាវណ្ណ មានសមត្ថភាពអាចស្មូតបានយ៉ាង ពីរោះ និងមានសមត្ថភាពនិយាយធ្វើឲ្យ មានភាពទាក់ទាញនិងបានបង្កើនបរិយាកាសនៅក្នុងកម្មវិធីមួយនេះកាន់តែសប្បាយ រីករាយថែមមួយកម្រិតទៀត ។
សម្តេចតេជោក៏បានអរគុណលោក អឹុង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ដែលផ្តល់សិទ្ធិផ្សាយកម្មវិធីនេះនៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ផងដែរ ។
គួរបញ្ជាក់ថា ទូរទស្សន៍ហង្សមាសបាន រៀបចំឲ្យមានការប្រកួតក្នុងកម្មវិធី «Cambodian Idol»ម្តងរួចមកហើយនៅរដូវកាល ទី១ កាលណោះម្ចាស់ជ័យលាភីនៅក្នុង កម្មវិធីនោះគឺលោក នី រតនា ជាអ្នកខេត្ត កំពង់ធំ ហើយការរៀបចំលើកនេះឈាន ដល់រដូវកាលទី២ហើយ ។ កាលពីរាត្រី ថ្ងៃទី២៨ ខែសីហា ក៏ជាការចាក់ផ្សាយកម្ម វិធី «Cambodian Idol» រដូវកាលទី២ វគ្គ ជម្រុះបេក្ខជនដំបូងផងដែរដើម្បីស្វែងរកបេក្ខជនដែលអាចឈានដល់ការប្រឡងនៅវគ្គក្រោយៗទៀត ៕ ហេង សូរិយា