ខេត្តកំពង់ស្ពឺៈ កម្មការិនី២នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យសន្លប់បង្កការភ្ញាក់ផ្អើលពេញរោងចក្រ បន្ទាប់ពីពួកគេនាំគ្នាចូលទៅដេកក្រោមម៉ាសុីនដេរ ។ ក្រោយកើតហេតុ កម្មការិនីទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្តបង្អែកខេត្តភ្លាមៗផងដែរ ដោយពេលនេះបានរួចផុតពីសេចក្តីស្លាប់ហើយ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង11និង30នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចក្រវ៉ាយ ធី ស៊ី ស្ថិតនៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កម្មការិនីដែលត្រូវខ្សែភ្លើងឆក់រួមមាន ឈ្មោះ សោត សុខហៀង ភេទស្រី អាយុ29ឆ្នាំ នៅភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ពៅ ស្រីតូច ភេទស្រី អាយុ20ឆ្នាំ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
លោកអនុសេនីយ៍ឯក មុិច សុភាន់ អធិការរងនគបាលស្រុកបានអោយដឹងថា មូលហេតុ ដែលបណ្តាលអោយឆក់នេះព្រោះតែកម្មការិនីទាំង២នាក់ បាននាំគ្នាចូលទៅដេកនៅក្រោមតុម៉ាស៊ីនដេរ បន្ទាប់ពីពួកគេហូបបាយថ្ងៃត្រង់រួច ។
ក្រោយកើតហេតុ ខាងរោងចក្របានយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គោះជីវិតអោយរួចផុតពីសេចក្តីស្លាប់ផងដែរ ។ ពេលនេះ អ្នកងគ្រោះទាំងពីរត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបានរស់រានមានជីវិតឡើងវិញហើយៗកំពុងសម្រាកបន្តដើម្បីឲ្យមានសុខភាពល្អប្រសើរឡើងវិញផងដែរ ។
លោកអធិការរងបន្តថា នេះមកពីជនគ្រោះទាំង២នាក់ មានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ពិនិត្យមើលអោយបានត្រឹមត្រូវ មុនចូលទៅសំរាកនៅក្រោមម៉ាសុិនដេរក្រោយបាយថ្ងៃត្រង់នេះ។ទោះចាយ៉ាងនេះក្តីអាចចាត់ទុកថាវាជាសំណាងណាស់ដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត ។
ពាក់ព័ន្ឋនឹងករណីឆក់ខ្សែភ្លើងនេះផងដែរ មានពាក្យចរចាមអារ៉ាមថា មានមនុស្សស្លាប់ក្នុងរឿងឆក់ខ្សែភ្លើងនេះ តែទាំងខាងរោងចក្រ និងសមត្ថកិច្ច មានបំណងចង់លាក់បាំងមិនអោយមហាជនបានដឹងរឿងនេះ ។ ទាក់ទងនឹងពាក្យចរចាមអារ៉ាមនេះដែរ លោកសុឹម រតនៈ អភិបាលស្រុកសំរោងទងបានបញ្ជាក់ប្រាប់តាមទូរស័ព្ទដែរថា ករណីនេះមានតែមនុស្ស២នាក់ប៉ុណ្នោះ ដែលត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យសន្លប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភា្លមៗផងដែរ ដោយគ្មាននរណាម្នាក់ស្លាប់ ដូចពាក្យចរចាមអារ៉ាមនេះទេ សូមកុំឲ្យមានការយល់ច្រឡំ ៕ សេនាស័ក្តិ