ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមតន្ត្រីសម័យ នីសា ដឹកសម្ភារៈ ឧបករណ៍ភ្លេងក្រឡាប់បណ្តាលឱ្យមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រថយន្តរបស់ក្រុមតន្ត្រី នីសា បានក្រឡាប់ដោយសារតែភ្លៀងរលឹមធ្វើឱ្យផ្លូវរអិល បណ្តាលឱ្យមនុស្សច្រើននាក់រងរបួសធ្ងន់និងស្រាល បាក់ដៃបាក់ជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ក្នុងភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ដោយខ្លួនឯងនេះ ជាប្រភេទរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0323 ជារថយន្តរបស់ក្រុមតន្ត្រីសម័យ នីសា ដែលមានទីលំនៅភូមិទឹកល្អក់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្លូវបេតុងចំណុចខាងលើឱ្យតែពេលមានធ្លាក់ភ្លៀង រលឹម ស្ថានភាពផ្លូវគឺរអិល មិនថារថយន្តមិនថាម៉ូតូទេ គឺរអិលដួលតែម្តងនាពេលកន្លងមក ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តក្រុមតន្ត្រីសម័យ នីសា ដឹកសម្ភារៈ ឧបករណ៍តន្ត្រី ឆាក ម៉ាសុីនភ្លើងនិងមានមនុស្សជិះលើរថយន្តជាង១០នាក់ បានបើកចេញពីភូមិទឹកល្អក់ ឃុំទឹកល្អក់ គោលបំណងឆ្ពោះទៅប្រគុំក្នុងកម្មវិធីនៅឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយបើកបរឆ្លងកាត់ផ្លូវបេតុងខាងលើ ខណៈមេឃកំពុងភ្លៀងរលឹម ដោយបើកក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវរអិល បណ្តាលឱ្យរថយន្តរេចង្កូតក្រឡាប់ផ្ងារជើងខ្លួនឯង សង្កត់លើមនុស្ស របួសធ្ងន់ចំនួន៧នាក់ ធ្លាក់សម្ភារៈរាយប៉ាយពេញផ្លូវ ។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋអ្នកភូមិ អាជ្ញាធរ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកគងពិសីចំនួន៣គ្រឿង ចេញទៅអន្តរាគមន៍ ដោយអ្នករបួសស្រាលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នករបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖