ភ្នំពេញ៖ ក្រុមក្មេងទំនើង ចំនួន២៩នាក់ ពាក់ព័ន្ធបទល្មើសចំនួន១០ករណីផ្សេងគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបង្ហាញមុខជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ រួមនិងរូបលោកផ្ទាល់ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំ..នើ.ង ក្នុងនោះមានក្រុមធីមធូបមូស TM ក្រុមធីមគោកខ្សាច់ GK ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS ដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តថា ក្រោយធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងនេះរួច កម្លាំងជំនាញនិងត្រៀមខ្លួនបញ្ជូនទៅកាន់ពួកគេទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ផងដែរ៕
ដោយ៖ តារា