ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាស្នើឱ្យវៀតណាមរុះរើប៉ុស្តិ៍នៅតំបន់ហាមឃាត់ក្នុងខេត្តរតនគិរីដែលភាគីវៀតណាមនៅតែបន្តការសាងសង់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាបានលើកឡើងថា កម្ពុជានឹង ស្នើឱ្យភាគីវៀតណាមរុះរើប៉ុស្តិ៍នៅតំបន់ ហាមឃាត់ក្នុងទឹកដីខេត្តរតនគិរីក្បែរព្រំ ដែនកម្ពុជា-វៀតណាមប្រសិនបើវៀតណាម នៅតែបន្តការសាងសង់ដោយមិនទាន់មាន ការឯកភាពព្រមព្រៀងរវាងភាគីទាំង២ជាមុននោះ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលសម្រាកក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាមកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការ គណៈរដ្ឋមន្រ្តីលោក ឡុង វិសាលោ រដ្ឋ លេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា កម្ពុជា បានពិភាក្សាជាមួយភាគីវៀតណាមជុំវិញការសាងសង់សំណង់ធ្វើឡើងដោយភាគីវៀតណាមតែម្នាក់ឯងនៅតំបន់ដែលហាមឃាត់មិនទាន់បានដោះស្រាយដើម្បីឈានទៅបោះបង្គោលព្រំដែន ។
លោករដ្ឋលេខាធិការបានបន្ដថា សំណង់ ដែលភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម ផ្អាកសាងសង់រួមមានបញ្ហាធ្វើផ្លូវ និងប៉ុស្តិ៍ យាមនៅខេត្តមណ្ឌលគិរី និងការជីកស្រះ ទឹកនិងសំណង់ផ្សេងៗនៅខេត្តរតនគិរី។
លោក ឡុង វិសាលោ បន្ដទៀតថា ភាគីវៀតណាមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនកម្ពុជា-វៀតណាមនៅព្រឹកនេាះបាន ទទួលសំណើរបស់កម្ពុជាឱ្យផ្អាកហើយ ដែលភាគីវៀតណាមនឹងយកសំណើនេះទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់គេជាមុនសិនមុននឹងសម្រេចថាតើបន្តឬផ្អាកនោះ ។

លោកបណ្ឌិត សុខ ទូច អនុប្រធានរាជ បណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវប្រើប្រាស់ការចរចានិងកំណត់ការទូតឱ្យអស់លទ្ធភាពក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយភាគីវៀតណាម ។
លោកបណ្ឌិតបន្ថែមថា ក្នុងករណី ដំណោះស្រាយតាមមធ្យោបាយខាងលើ មិនទទួលបានលទ្ធផលនោះទេ កម្ពុជាត្រូវបោះដៃទៅភាគីទីបីគឺបារាំង និងភាគីទី៤ គឺអង្គការសហប្រជាជាតិ ហើយប្រសិនបើភាគីទាំងពីរនេះមិនអាចដោះស្រាយបានទៀតនោះទេកម្ពុជាត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថា ICJ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការព្រំដែនរវាងកម្ពុជា-វៀតណាមបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ហើយគណៈកម្មាធិការព្រំដែនប្រទេសទាំង ២នឹងមានការចុះកិច្ចព្រមព្រៀងកំណត់ហេតុ នៃកិច្ចប្រជុំនៅល្ងាចថ្ងៃដដែលផងដែរ ៕  ហេង សូរិយា

 

លោក ឡុង វិសាលោ

លោក ឡុង វិសាលោ

 

 


ចែករំលែក៖