ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៧នាក់ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរគ្រឿងញៀននៅស្រុកពញាក្រែក

ចែករំលែក៖

    ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក និងកម្លាំងផ្នែកសឹករងពញាក្រែក បានបេីកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរនូវសារធាតុញៀន ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់(ស្រី០១នាក់) នៅថ្ងៃទី១៣ និង ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ។ 

    ក្នុងប្រតិបត្តិការ ណ៍នេះ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ទេីបកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក កម្លាំងផ្នែកសឹករងពញាក្រែក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនមនុស្ស ៧នាក់ ស្រី ០១នាក់  និងវត្ថុតាងរួមមាន៖

– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ 

– ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០៤សម្រាប់

– ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន១៦ដើម

– ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន

– ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

– កែវបំពង់ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០៦

– កន្រ្តៃចំនួន០៥ដើម

– ដាវកែច្នៃចំនួន១៤ដើម 

– ទូរស័ព្ទដៃចំនួន០២គ្រឿង

    បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖