ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៧នាក់ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរគ្រឿងញៀននៅស្រុកពញាក្រែក

ចែករំលែក៖

    ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក និងកម្លាំងផ្នែកសឹករងពញាក្រែក បានបេីកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរនូវសារធាតុញៀន ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់(ស្រី០១នាក់) នៅថ្ងៃទី១៣ និង ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ   

    ក្នុងប្រតិបត្តិការ ណ៍នេះ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ទេីបកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក កម្លាំងផ្នែកសឹករងពញាក្រែក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនមនុស្ស ៧នាក់ ស្រី ០១នាក់  និងវត្ថុតាងរួមមាន៖

– ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ 

– ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០៤សម្រាប់

– ដែកកេះសម្រាប់ជក់ថ្នាំញៀនចំនួន១៦ដើម

– ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន

– ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

– កែវបំពង់ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០៦

– កន្រ្តៃចំនួន០៥ដើម

– ដាវកែច្នៃចំនួន១៤ដើម 

– ទូរស័ព្ទដៃចំនួន០២គ្រឿង

    បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖