ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកជំរុញឱ្យមន្ទីរទាំងអស់សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយពីបញ្ហាទឹកជូនកសិករ

ចែករំលែក៖

ខេត្តព្រៃវែង ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹកជំរុញដល់បណ្តាប្រធានមន្ទីរ នៅតាមខេត្ត សហការឱ្យបានល្អជាមួយ អាជ្ញាធរ ឃុំ-សង្កាត់ ដើម្បីដោះស្រាយពី បញ្ហាប្រឡាយទឹកនាំទឹកហូរចូលដល់ដីស្រែប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដោយ លើកហេតុផលថា រាជរដ្ឋាភិបាលបានជំរុញទម្លាក់ថវិកាមូលនិធិឃុំ សង្កាត់កាន់តែច្រើនលើការងារទាំងនេះ ។

ក្នុងពេលចុះពិនិត្យស្ថានភាពទឹក និង ការងារបង្កបង្កើនផល នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង ក៏ដូចជាលក្ខណៈភូមិសាស្ត្រ នៃខេត្តនីមួយៗកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គោ ស៊ុំសារឿត រដ្ឋ លេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយមបានលើកឡើងថា ក្រសួងបាន កសាងប្រព័ន្ធធារាសាស្ត្រប្រភេទធំៗរួចហើយ ប៉ុន្តែប្រឡាយបំបែកដែលភ្ជាប់ និង ប្រឡាយធំចូលដល់ដីស្រែប្រជាជនមិន ទាន់មានទេ ដូច្នេះលោកស្នើឲ្យប្រធានមន្ទីរ ធនធានទឹកតាមខេត្តនីមួយៗ ព្យាយាម សហការឱ្យបានល្អជាមួយអាជ្ញាធរឃុំ សង្កាត់ ដោយលោកបញ្ជាក់ថា រាជរដ្ឋាភិ បាលបានជំរុញទម្លាក់ថវិកាមូលនិធិ ឃុំ សង្កាត់ឱ្យបានកាន់តែច្រើន ដើម្បីឃុំ-សង្កាត់អាចម្ចាស់ការដោះស្រាយបញ្ហាប្រឈម ។

លោករដ្ឋលេខាធិការបានបន្តថា នៅក្នុងខេត្តនីមួយៗត្រូវលើកជាយុទ្ធសាស្ត្រជា ចម្បងមុនគេ តាមដានឱ្យជាប់ ស្រុក ឃុំ ភូមិ ដែលធ្វើស្រែច្រើនជាងគេ ហើយខ្វះទឹក ឬ កន្លែងខ្លះជួបគ្រោះទឹកជំនន់គឺអាចជួយ គាត់បានទាន់ពេលវេលា ពីព្រោះថា ក្រសួង បានត្រៀមសំបកបាវរាប់សែនដើម្បីខ្ចប់ដីទប់ទឹកនៅរដូវវស្សាមិនឱ្យទឹកហូរចោលឡើយ ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តស្វាយរៀង បានឱ្យ ដឹងថា ស្ថានភាពទឹកភ្លៀងមានលក្ខណៈល្អ ពីដើមឆ្នាំគ្រាន់ តែរបាយទឹកភ្លៀងមិនបានស្មើគ្នាតាមភូមិឃុំ ។ ចំណែកល្បឿនបង្ក បង្កើនផលឆ្នាំ២០១៦ ផែនការ១៦៦ពាន់ ហិកតា អនុវត្តបាន១៥៦ពាន់ហិកតាស្នើ ៩៣.៩១ភាគរយ គិតត្រឹមថ្ងៃទី១ ខែ កញ្ញាមក ។

ដោយឡែកលោក ជុំ សុភី ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង វិញក៏បានឱ្យដឹងដែរថា ទឹកភ្លៀងឆ្នាំ២០១៦ នេះអំណោយផលល្អបង្គួរ ដែលធ្វើឲ្យការងារបង្កបង្កើនផលគិតមកត្រឹមថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦សម្រេចបាន ១០០ភាគ រយលើផែនការ២៥០ពាន់ហិកតា ។ លោក បន្តថា បច្ចុប្បន្នមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែងបានបើកទឹកទន្លេពីប្រព័ន្ធធារាសាស្ត្រវ៉ៃគោ បញ្ចូលស្រែរបស់ប្រជាកសិករនៅស្រុកមេសាង និងបើកទឹកបញ្ចូលអាង ប្រឡាយ និងព្រែកធម្មជាតិ ដើម្បីត្រៀមទុកអន្តរាគមន៍សង្គ្រោះស្រូវនៅពេលជួបគ្រោះរាំងស្ងួត ។

លោកបន្ថែមថា ក្រៅពីនេះមន្ទីរបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ៨ កន្លែង និងជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន៨កន្លែង ៕ ហេង នរិន្ទ្រ

 

preyveng

 


ចែករំលែក៖