ភ្នំពេញ៖ គ្រូបង្រៀនម្នាក់នៅការិយាល័យអប់រំយុវជននិងកីឡាស្រុករំដួល ខេត្តស្វាយរៀង ស្នើឲ្យថ្នាក់ដឹកនាំ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ជូនកូនប្រុសដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរផង ។
ការដង្ហោយរកយុត្តិធម៌ពីចម្ងាយដល់សម្តេចតេជោ នាពេលនេះ បន្ទាប់ពីលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់បណ្ដឹងព្រហ្មទណ្ឌ ទុកឥតចាត់ការ ខណៈជនបង្ករស់នៅក្រៅសំណាញ់ច្បាប់ ហើយគ្រួសារនៃសពគ្មានទទួលសំណងសូម្បីមួយរៀល ។
លោក កែវ ចន្ធី អាយុ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាគ្រូបង្រៀននៅការិយាល័យអប់រំយុវជននិងកីឡាស្រុករំដួល ជាគ្រូបង្វឹកបាល់ទាត់ “សសយក” បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ កូនប្រុសរបស់លោក មានឈ្មោះ យ៉ាន ពុទ្ធារ៉ា អាយុ២១ឆ្នាំ ជាបុគ្គលក្រុមហ៊ុនស្រាបៀរកម្ពុជា បានជួបគ្រោះថ្នាក់ចរាចររហូតបាត់បង់ជីវិត នៅចំណុចភ្លើងស្តុបសណ្ឋាគារឋានសួគ៌ ផ្លូវលេខ១២៨កែងផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
លោក កែវ ចន្ធី បន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយឈ្មោះ លី ហរអាង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនរបស់លោកឧត្ដមសេនីយ៍ ជា ពៅ ។
ប៉ុន្តែទោះបីយ៉ាងណា លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានសម្រេចតម្កល់សំណុំរឿងនេះទុកឥតចាត់ការ តាមដីកាលេខ ៩៩៤ អ.យ.ត ។
ពាក់ព័ន្ធករណីនេះ លោក កែវ ចន្ធី ថ្លែងថា រហូតមកទល់ពេលនេះ ជនបង្កកំពុងរស់នៅក្រៅសំណាញ់ច្បាប់ រីឯសំណងគ្មានទទួលបានសូម្បីមួយរៀល ។ លោក ស្នើឲ្យថ្នាក់ដឹកនាំថ្នាក់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ មេត្តាផ្តល់ភាពយុត្តិធម៌ដល់លោកផង ៕ ចេស្តា