កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona អាចនឹងអវត្តមានដល់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលថ្មីវគ្គចែកពូល ដំបូងដោយសារមានបញ្ហារបួសក្រលៀន ដែលរូបគេថែមទាំងមិនបានចូលលេងឲ្យក្រុម ជម្រើសជាតិពេលប៉ះជាមួយវេណេស៊ូអេឡាផងដែរ ។
កីឡាករឆ្នើមរូបនេះបានចូលលេងគ្រប់ការប្រកួតឲ្យក្រុម Barcelona រដូវកាលថ្មីនេះ តាំងពីប្រកួតក្របខ័ណ្ឌអេស្ប៉ាញ Super Cup ទាំង២ជើង និងប្រកួតក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ជាមួយនឹងក្រុម Betis និងក្រុម Athletic Bilbao ហើយស៊ុតឲ្យក្រុមបាន៣គ្រាប់ហើយដែរ ។ ក្នុងក្រុមជម្រើសជាតិ កីឡាករវ័យ២៩ឆ្នាំរូបនេះ ក៏លេងឲ្យអាហ្សង់ទីនដោយស៊ុតបាន១គ្រាប់យកឈ្នះលើក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ ១-០ ផងដែរ មុនពេលមានរបួស ។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានទៅដល់ក្លិប Barcelona កាលថ្ងៃចន្ទ ដើម្បីជួបគ្រូពេទ្យរបស់ក្លិប។ បន្ទាប់ពិនិត្យរួចលទ្ធផលបានបង្ហាញថា រូបគេមានបញ្ហាសាច់ដុំក្រលៀនខាងឆ្វេង ប៉ុន្តែមិនមែនជារបួសធំដុំអ្វីឡើយ។ គ្រូពេទ្យតម្រូវឲ្យកីឡាកររូបនេះផ្អាកការហ្វឹកហាត់២-៣ថ្ងៃ ហើយអាចចូលលេងបាននៅពេលណានោះគឺទាល់តែរបួសជាសះស្បើយសិនដោយមិនប្រាកដថ្ងៃនោះទេ ។
គួរបញ្ជាក់ថា ក្រុម Barcelona ជាអ្នកការពារតំណែងជើងឯកក្របខ័ណ្ឌ La Liga នឹងត្រូវប៉ះជាមួយក្រុម Alaves នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកត្រូវប៉ះក្រុម Celtic ក្នុងការប្រកួតបើកឆាក UEFA Champions League វគ្គចែកពូលដោយស្ថិតនៅក្នុងពូលC នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ខណៈដែលកីឡាករ Messi អាចនឹងអវត្តមានពីការប្រកួតនេះ ៕