ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់បងប្អូនបង្កើតធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការបង្ក្រាបឃាត់ខ្លួនពីនគរបាល ទន្ទឹមដែលស្នងការនគរបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើត និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ធ្លាប់ធ្វើសកម្មភាពឆក់កាបូបប្រាក់យ៉ាងសកម្ម តាមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង ហើយពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលបង្ការបបង្រ្កាប ខណៈដែលស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត បានបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ ក្រោយពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេមើលឃើញថា សកម្មភាព ចោរកាច់សោកម៉ូតូលួចយកម៉ូតូពលរដ្ឋជាបន្តបន្ទាប់បានសម្រេចបាត់ដំណឹង ទើបជនសង្ស័យមុខសញ្ញាកាច់សោកម៉ូតូ៣នាក់ ក៏ត្រូវបាន កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងបង្រ្កាបចាប់ឃាត់ខ្លួនបានសម្រេចផងដែរ ។

លោកអនុសេនីយ៍ទោ ឈឿន គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាបប្រាប់ឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរឆក់កាបូបខាងលើមានឈ្មោះ ១,ស៊ឹម សុភី ហៅអាប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ ២,ស៊ឹម សោភា ភេទប្រុស អាយុ២២ឆ្នាំ ពួកគេគ្មានមុខរបរពិតប្រាកដ បច្ចុប្បន្នរស់នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រងការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ។

លោកប្រាប់ឱ្យដឹងទៀតថាកម្លាំងនគរបាលបង្ការបង្រ្កាបឈានដល់ចេញឃាត់ខ្លួនជនសង្ស័យក្រោយពីបើកការស្រាវជ្រាវស៊ើបអង្កេត យ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តទៅលើក្រុមចោរឆក់កាបូបជាបន្តបន្ទាប់រស់ពួកគាត់រួចហើយមកនោះ។សកម្មភាពឆក់កាបូប ដោយពួកគេប្រើប្រាស់ម៉ូតូសម្រាប់ជាមធ្យោបាយ ក្នុងនោះក៏ធ្វើសកម្មភាពឆក់កាបូបភ្ញៀវបរទេសដែលមកកំសាន្ត ខេត្តបាត់ដំបងផងដែរ។ជនសង្ស័យឆ្លើយសារភាពថាពួកគេបានធ្វើសកម្មភាពឆក់កាបូបប្រាក់ បានសម្រេចប៦ដង លើកទី១,នៅចំណុច ជិតផ្សារឯកភ្នំ ស្រុកឯកភ្នំ លើកទី២, នៅចំណុចភូមិព្រែកណារិន ស្រុកឯកភ្នំ លើកទី៣, នៅចំណុចខាងមុខវត្តសំពៅ ជិតផ្លូវរថភ្លើង ក្រុងបាត់ដំបង លើកទី៤, ឆក់កាបូបជនបរទេសនៅចំណុចជិតសាលាបារាំង សង្កាត់អូរចារ ក្រុងបាត់ដំបង លើកទី៥, នៅចំណុច ភូមិព្រែកណារិន ស្រុកឯកភ្នំ និងលើកទី៦ នៅចំណុច ភូមិក្តុលដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ជនសង្ស័យក្រោយពីឆ្លើយសារភាព នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចក៏បានកសាងសំណុំរឿងចាប់ញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នោះដែរស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ ឱ្យខ្លាំងក្លាបន្ថែមទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជម្រុញទៅលើការងារការពារ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈឱ្យប្រសើរបំផុត ដើម្បីធានាឱ្យបានបរិយាកាសល្អ ក្នុងតំណាក់កាលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត នៅបោះឆ្នោតនៅពេលខាងមុខ ។ ជាពិសេសត្រូវបង្ការទប់ស្កាត់និងក្តាប់សភាពការណ៍ឱ្យបានរាល់ការប៉ុនប៉ងអំពើភេវរកម្មផ្សេងៗ ខ្លាចក្រែងក្រុមបង្កហេតុមានបំណងចង់បំពុលបរិយាកាសកេងចំណេញនយោបាយ ដើម្បីទម្លាក់កំហុសលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោយពីមានករណីជនបំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ ទន្ទឹមដែលប្រទេសកម្ពុជានិងរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជាសកល ឆ្នាំ២០១៨ នៅពេលខាងមុខនេះ ៕ សំ វិច្ឆិកា

 

img_2132 img_2130 img_2131 img_2129


ចែករំលែក៖