ភ្នំពេញ៖ សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបំភ្លឺជុំវិញករណីស្ត្រីម្នាក់ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម សូមសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន មកស្រុកកំណើតវិញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវករណីនេះ ឃើញថាស្ត្រីខាងលើ បានផ្លាស់ចេញពីភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅរស់នៅខេត្តព្រៃវែង តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ និងលក់ផ្ទះដែលរស់នៅទៅឈ្មោះ អៀង ពៅ រស់នៅបន្តរហូតដល់សព្វថ្ងៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នពាក់ព័ន្ធនឹងនេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកិច្ចការការងារនេះហើយ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច