ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង ប្រភេទរ៉ូកែត បេ៤០កន្លះ ១ ដើម និងគ្រាប់ចំនួន ២ គ្រាប់នៅក្នុងព្រៃ ហើយបានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដើម្បីទំនាក់ទំទងទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមកទទួលយក ។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងព្រៃត្រាំនង្គល ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រទះឃើញកាំភ្លើង និងគ្រាប់នោះឈ្មោះ ប្រាក់ សំអៀក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយកាំភ្លើងនោះជាប្រភេទបេសែសិបកន្លះ និងចំនួន២ គ្រាប់ ដែលគេសង្ស័យអាវុធ និងគ្រាប់នេះ អាចបន្សល់ទុកឬគេបោះចោលកាលសម័យសង្គ្រាម ព្រោះឃើញវាចាស់ច្រេះដោយសារហាលថ្ងៃហាលភ្លៀងយូរហើយ ។
ប្រភពខាងលើបន្តថា កាំភ្លើងអាចខូចគុណភាព ប៉ុន្តែគ្រាប់វាវិញទោះបីវាខូចគុណភាពដែរនោះ ក៏វានៅតែប្រឈមនឹងការគ្រោះថ្នាក់បានគ្រប់ពេលគ្រប់វេលាជានិច្ច។
ប្រភពដដែលបន្តទៀតថា អាវុធ និងគ្រាប់សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានយកមករក្សាទុកហើយ រង់ចាំអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាមកទទួលយក ដើម្បីចាត់ការតាមបច្ចេកទេសរបស់មន្រ្តីជំនាញ ៕ ប៉ឹម ពិន