ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជិតចប់ហើយ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចបានជាងមនុស្សភាគច្រើនកំពុងគិត ហើយថារូបលោកនឹងជជែកពីអ៊ុយក្រែនអំឡុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីក្នុងសប្ដាហ៍នេះ។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិតលើការអត្ថាធិប្បាយរបស់លោកដែលថាខិតជិតដល់ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែននោះទេ។ នៅឯទីក្រុងមូស្គូវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារូបលោកជឿថាជំហររបស់សហរដ្ឋអាមេរិកថាតើត្រូវដោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយរបៀបណា នៅតែមិនមានការផ្លាស់ប្ដូរទេ។

ប៉ុន្តែ លោក ហ្សេលេនស្គី ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times បានលើកឡើងថាលោកផ្ទាល់ជឿថាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញលើសង្រ្គាម នៅក្រោមទស្សនៈថ្មីមួយដោយសារតែជោគជ័យជាបន្តបន្ទាប់របស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

លោក ត្រាំ ត្រូវបានរំពឹងថានឹងជួបលោក ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី។ កាលពីថ្ងៃចន្ទផងដែរ រុស្ស៉ី បានវាយប្រហារដោយប្រើមីស៊ីលបាលិស្ទីគ និងដ្រូនលើទីក្រុងកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោច ២៨នាក់៕


ចែករំលែក៖