ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ទូរស័ព្ទជនបរទេស១នាក់ ត្រូវនគរបាលប៉ុស្តិ៍ជ័យជំនះឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចោរឆក់កាបូប និងទូរស័ព្ទដៃជនបរទេសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ខណ្ឌដូនពេញអន្តរគមន៍ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងតែជិះម៉ូតូតាមផ្លូវបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ និងស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូចាប់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខហាងយីហោពន្លក តាមផ្លូវព្រះសីុសុវត្តិ ភូមិ១ សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះoki gbo obinna ជនជាតិនីហ្សេរីយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯជនសង្ស័ទាំង២នាក់នោះទី១, ឈ្មោះជា តាំងហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអេ០៥ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួនបាន);ចំណែកឯបក្ខពួកដែរ រត់គេចខ្លួនបាត់នោះឈ្មោះប៉ែន ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងធ្វើកម្មភាពម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៨៥៩៧ ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះមូ៉តូមួយគ្រឿងតែម្នាក់ឯងតាមបណ្ដោយផ្លូវព្រះសីុសុវត្តិហើយបានលើកទូរស័ព្ទនិយាយ ស្រាប់តែភ្លាមនោះជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ ដោយឈ្មោះជា តាំងហុង ជាអ្នកបើកម៉ូតូលុះជិះមកដល់ចំណុចខាងលើ ក៏ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូចាប់ម្នាក់នឹងដកហូតបានទូរស័ព្ទដៃរបស់ជនរងគ្រោះវិញ ។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះប៉ែន បានរត់គេចខ្លួនបាត់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស ដារ៉ា

 

img_1970 img_1971


ចែករំលែក៖