ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទា​ទោស​ចិន​៣​នាក់​​និង​ខ្មែរម្នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ករណី​គ្រឿងញៀន​ជិត​៥៥គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ​:​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ចិន​៣នាក់​និង​បុរស​ខ្មែរ​ម្នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ រីឯ​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​ ត្រូវ​បាន​ផ្តន្ទា​ទោស​៥ឆ្នាំ​ ក្រោម​ការ​​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទម្ងន់​ជិត​៥៥គីឡូក្រាម​ ។

​តុលាការ​បាន​ចោទប្រកាន់​ក្រុម​ជនជាប់ចោទ​តាម​មាត្រា​៣៩​និង​៤០​ច្បាប់​ស្តី​ពីការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៦ និង១៧ ខែ​មិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​C១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី​កែវ រាជធានីភ្នំពេញ នឹង​ខេត្ត​ស្ទឹងត្រែង។

មន្ត្រីតុលាការ​ បញ្ជាក់​តាម​ ជនជាប់ចោទឈ្មោះ ផល ដានី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ​ ជាប់​ចោទពីបទចូលរួម ក្នុងក្រុម​ឧក្រិដ្ឋ​ជនគឿងញៀន ។​ ឈ្មោះ លីវ ស៊ឺ​ ភេទ​ប្រុស​ អាយុ៤៣ឆ្នាំជនជាតិខែ្មរ ឈ្មោះ តឹង យ៉ាងភីង ភេទ​ប្រុស​ អាយុ៥៧ឆ្នាំជនជាតិចិន ឈ្មោះ លី យ៉ុន ហៅ​ចៃ ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិចិន និង​ឈ្មោះ តាំ យ៉ា ជនជាតិ​ចិន​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។

គួរ​រំលឹក​ថា​ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវអស់រយៈពេលជាច្រើនខែ មុននឹងឈានទៅដល់ការបង្ក្រាប និង ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋ​ជន​ នៅក្នុង​រាជ​ធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។​

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ច​នគរបាលដកហូត​បានថ្នាំ​ញៀន​សរុប ៥៤៥៩៩,៦០ ក្រាម​ ដែលមានតម្លៃជាប្រាក់រហូតដល់ចំនួន៣លាន​ដុល្លារ​សហរដ្ឋអាមេរិក៕ ​ ចេស្តា

img_5796


ចែករំលែក៖