ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំបានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿង ញៀន ខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១និង២០នាទី នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។
យោងតាមរបាយការណ៍របស់លោកអនុសេនីយ៍ឯក រាំង សុភាព មេបញ្ជាការកងរាជអាវុធហត្ថស្រុកកោះធំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកបានចុះទៅដល់ចំណុចកើតហេតុ។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញបុរសម្នាក់កំពុងដើរនៅលើផ្លូវបេតុងដោយមានការសង្ស័យ។ កម្លាំងអាវុធហត្ថបានសួរនាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀន ២កញ្ចប់តូចលាក់ទុកក្នុងកញ្ចប់បារីក្នុងហោប៉ៅខោ។
លោកមេបញ្ជាការបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ យ៉ែម ស៊ាន ហៅ តាសាមូម ភេទ ប្រុស អាយុ៦៣ឆ្នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថដើម្បីសាកសួរ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ២កញ្ចប់នោះជារបស់ខ្លួន ហើយនៅមានខ្លះទៀតទុកនៅឯផ្ទះ។ បន្ទាប់មក ក្រោមការអនុញ្ញាតពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងកងរាជអាវុធហត្ថបានចុះទៅឆែកឆេរផ្ទះរបស់ជន សង្ស័យ។ ពេលទៅដល់ផ្ទះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ៤នាក់ទៀតកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ ហើយក៏បានឃាត់ខ្លួននៅនឹងកន្លែងតែម្ដង។
ជនសង្ស័យទាំង ៤នាក់នោះមានឈ្មោះ ប្រាំង មករា ភេទប្រុស អាយុ៣៥ឆ្នាំ,ស៊ាន បូផា ភេទស្រី អាយុ ៣៣ ឆ្នាំ, ប៉ម ផ្លយ ភេទប្រុស អាយុ ៣២ឆ្នាំនិងខេង ប៊ុនឆេង ហៅ ជេននី ភេទប្រុស អាយុ២១ឆ្នាំ។ ពួកគេទាំងអស់សុទ្ធតែមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ យ៉ែម ស៊ាន បានសារភាពថា ថ្នាំញៀនទាំង ៣កញ្ចប់នេះ គឺខ្លួនបានទិញពីបុរសម្នាក់ឈ្មោះ លីម រ៉ហ៊ីម ភេទប្រុស អាយុ២២ឆ្នាំ ដើម្បីទុកប្រើប្រាស់ និងលក់បន្ត។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច