ខេត្តពោធិ៍សាត់ ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិ និងការពារសិទ្ធិពលរដ្ឋសង្ស័យ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចមូលដ្ឋានខ្លះ ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើតាមជួរ ភ្នំក្រវាញក្នុងទឹកដីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង។ អាជ្ញាធរមានសមត្ថកិច្ចយឺតយ៉ាវក្នុងកិច្ចសហការជាមួយមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ បទល្មើសព្រៃឈើ ។
ប្រធានអង្គការលោក ជា ហ៊ានបានឲ្យដឹង ថាសំណើសុំអន្តរាគមន៍ជាច្រើនដែលអង្គការលោកបានធ្វើកន្លងមកមិនសូវមាន ប្រសិទ្ធភាពទេ ដោយមន្ត្រីថ្នាក់លើបញ្ជា ឬមានវិធានការទប់ស្កាត់បទល្មើសណាមួយនោះមន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោមមិនសូវ យកចិត្តទុកដាក់អនុវត្តឡើយ ។ លោកថា របាយការណ៍ភ្ជាប់រូបថតភស្តុតាងបទល្មើសព្រៃឈើថ្មីៗដែលប្រមូលបាននៅពេល នេះនឹងដាក់ចូលអង្គភាពប្រឆាំងអំពើពុក រលួយនៅដើមខែតុលា ឆ្នាំ២០១៦ ខាងមុខ ។
លោកបញ្ជាក់ថា មុនពេលដែលលោកនាំក្រុមការងារចុះល្បាតព្រៃ ដើម្បីពិនិត្យមើលស្ថានភាពបទល្មើសនេះ គឺមាន បណ្ដាញរបស់លោករាយការណ៍ថាសកម្មភាពអារ និងដឹកជញ្ជូនប្រភេទឈើចម្រុះនិងឈើប្រណីតនៅបន្តកើតមានជាទ្រង់ទ្រាយតូចផង និងធំផងនៅតាមតំបន់ជួរភ្នំក្រវាញ ប៉ុន្តែមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតំបន់ទាំងនោះទប់ស្កាត់ពុំ មានប្រសិទ្ធភាពទេ ។
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរ ភ្នំក្រវាញកណ្ដាល ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតា ៤០១.៣១៣ហិកតា ។ តំបន់ អភិរក្សជួរភ្នំក្រវាញនេះ ឋិតនៅក្នុងភូមិ សាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ស្ពឺ ៕ ហេង សូរិយា