ភ្នំពេញ ៖ បច្ចុប្បន្នទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ ដែលកំពុងជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរបានរីកដុះដាលស្ទើរ គ្រប់កន្លែងទៅហើយ ។ ប្រការដែលបង្កឲ្យមានកន្ទុយលេខវៀតណាមខុសច្បាប់នេះព្រោះមានប្រភពពីសមត្ថកិច្ចភាគច្រើនបានបង្ហើបឲ្យដឹងថា អ្នកកត់កន្ទុយលេខទាំងនោះជាកូនកញ្ច្រែងរបស់បុរសម្នាក់ឈ្មោះ ព្រីង ។ ហេតុដូច្នេះសមត្ថកិច្ចថា មិនហ៊ាន បង្ក្រាបទេ ព្រោះខ្លាចអស់ស័ក្តិ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៦ ទីតាំងកត់កន្ទុយលេខវៀតណាមជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរ ដែលមានទីតាំងនៅក្បែរសាលាសង្កាត់ស្ទឹងមានជ័យគឺទីតាំងវេរប្រាក់យីហោអេអឹមខេ និង ទីតាំងដូរលុយធ្វើមាសអាជីវករលក់ដូរនៅទីនោះពពាក់ពពូនគ្នាចូលកត់ចាក់កន្ទុយលេខវៀតណាមខុសច្បាប់ ។ ទីតាំងខាងលើនេះជាកន្លែងស៊ីសងលុយរាប់លានរៀលក្នុងមួយថ្ងៃហើយហ៊ានធានាមិនជំពាក់កូន(អ្នកចាក់) និងហ៊ានធានាទទួលខុសត្រូវចំពោះមុខសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបនោះទេ ។
ទីតាំងកត់កន្ទុយលេខនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទទួលជ័យលាភីលេខ២ បន្ទាប់ពីមូលដ្ឋានសង្កាត់បឹងទំពុន ដែលកន្លងទៅសមត្ថកិច្ចចុះបង្ក្រាបតែមួយដង្ហើមចង្រឹត ហើយដោះលែងវិញនោះ ។
លោកអធិការរងនគរបាលខណ្ឌមានជ័យម្នាក់បានសង្កត់ធ្ងន់ទៅលើនគរបាលប៉ុសិ៍្ត រដ្ឋបាលស្ទឹងមានជ័យថា មិនដែលឃើញ រាយការណ៍ម្តងទេ ចំពោះបញ្ហាល្បែងស៊ី សង ហើយបញ្ហាពាក់ព័ន្ធនឹងអ្នកដើរប្រមូលពីទីតាំងល្មើសទាំងនេះលោកអធិការរងរូបនេះថា លោកបានដឹងអស់ហើយហេតុ ដូច្នេះប្រយ័ត្នផងមន្ត្រីព្រហ្មទណ្ឌរូបនោះ ។
ពាក់ព័ន្ធនឹងឈ្មោះ ព្រីង ដែលល្បីថាជាមេកន្ទុយលេខដ៏ធំគួរសមដែរនោះ លោកអធិការរងខណ្ឌមា្នក់នេះក៏បានបង្ហើបថា មិនមានពាក់ព័ន្ធខ្សែហរអីនឹងស្នងការនោះទេ គ្រាន់តែជាអ្នករកស៊ីប៉ុណ្ណោះ។ ដោយឡែកនៅក្នុងមូលដ្ឋានខណ្ឌដង្កោឯណេះវិញ អ្នកកត់កន្ទុយលេខកន្លែងមួយចំនួនក៏បានប្រាប់ឲ្យដឹងដែរថា ពួកគាត់កត់ឲ្យលោកព្រីងហើយបញ្ហានេះគាត់ជាអ្នកទទួលខុសត្រូវ ។
ជាមួយគ្នានេះផងដែរ នាយនគរបាលប៉ុសិ្តស្ទឹងមានជ័យក៏បានឲ្យដឹងតាមទូរស័ព្ទថា លោកពុំដែលបានទទួលកម្រៃជើងសាពីអ្នកកត់កន្ទុយលេខនោះទេ ហើយទីតាំង នោះជាកូនកញ្ច្រែងអាព្រីង ។
គួរបញ្ជាក់ថា មេកន្ទុយលេខវៀតណាមខុសច្បាប់គឺមានគូបដិបក្ខនឹងគ្នាដណ្តើម កូនកញ្ច្រែងគ្នា ដោយមេកន្ទុយលេខទាំងនោះម្នាក់ៗហ៊ាននិយាយអះអាងលើអ្នក កត់ជាកូនកញ្ច្រែងទទួលខុសត្រូវក្នុងការចុះបង្ក្រាបពីសមត្ថកិច្ចរហូតដល់តុលាការផងដែរ ។ ការធានាទទួលខុសត្រូវបែបនេះទើបធ្វើឲ្យអ្នកទទួលកត់ជាកូនកញ្រែ្ចងមានភាពកក់ក្តៅ ឬក៏មានសិទ្ធិជ្រើសរើសមេណាខ្លាំងនិងខ្សោយ ។ ម្យ៉ាងវិញទៀត អ្នកកត់ជាកូនកញ្ច្រែងខ្លះក៏អាចក្លាយជាជនរងគ្រោះផងដែរ ខណៈដែលមេៗកន្ទុយលេខទាំងនោះមានជម្លោះនឹងគ្នា ៕ តាឡឹម