ព័ត៌មានទាន់ហេតុការណ៍៖

ឃាតករយកចបជីកវាយសម្លាប់ស្ត្រីជាប្រពន្ធ,ប្ដីរបួស ធ្ងន់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយរត់គេចខ្លួន៤ថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសជនសង្ស័យជាដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងឃោរឃៅយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ សីហា ២០២៥ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។

ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរង គ្រោះមាន ២នាក់គឺស្ត្រីឈ្មោះ ម៉ាន់ សុគន្ធា៤០ឆ្នាំ ដែលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបុរសឈ្មោះ កុយ ពៅ ៥១ឆ្នាំ ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាល។ ចំណែកជនសង្ស័យមានឈ្មោះ ប៉ែន សុថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិត្រពាំងស្វា ឃុំទ្រា។ ជនសង្ស័យមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង និងចបជីកដែក ១ដើម ប្រវែង ០,៧៧ម៉ែត្រ។

តាមការបំភ្លឺពីកូនស្រីជនរងគ្រោះឈ្មោះ អឿន កញ្ញា (១៥ឆ្នាំ) បានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែគប់ដុំថ្មលើដំបូលផ្ទះម្តាយរបស់ខ្លួនជាប្រចាំ។ លុះដល់រសៀលថ្ងៃទី២០ សីហា ជនសង្ស័យបានបម្រុងវាយប្អូន ប្រុសរបស់នាង ស្រាប់តែម្តាយរបស់នាងឃើញ ហើយបានស្រែកឃាត់ រហូតបង្កជាជម្លោះពាក្យសម្ដី។ នៅវេលាយប់កើតហេតុ ជនសង្ស័យបានទៅវាយប្តីរបស់ម្តាយនាងមុន បណ្តាលឲ្យរងរបួសធ្ងន់ រួចក៏បន្តវាយទៅលើម្តាយនាងចំនួន ៥ចបជីកចំក្បាល បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តនិងស្រុក បានចុះដល់កន្លែងកើតហេតុ សាកសួរជុំវិញកន្លែងកើតហេតុ ស្រាវជ្រាវកំណត់អត្តសញ្ញាណជន សង្ស័យ។ រហូតដល់ថ្ងៃទី២៥ សីហា វេលាម៉ោង ៨និង ២០នាទី កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងស្វា ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនខឹងនឹងប្រពន្ធជនរងគ្រោះដែលជេរម៉ែរបស់ខ្លួន ទើបយកចបជីកប្រវែង ០,៧៧ម៉ែត្រ វាយទៅ លើជនរងគ្រោះជាប្តីនិងប្រពន្ធ។ ក្រោយមក កម្លាំងអាវុធហត្ថបានសហការជាមួយអាវុធហត្ថស្រុកបាទី នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងលាក់ចបជីកដែលជាវត្ថុតាងផងដែរ។ តាមការពិនិត្យ ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន(+)។

ប្រតិបត្តិការនេះធ្វើឡើងតាមការអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកសាកសួរនៅអង្គភាពដើម្បីបន្តនីតិវិធី៕


ចែករំលែក៖