នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកជំទាវ Nguyen Thi Kim Ngan បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាមជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយក៏បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ដំណើរទស្សនៈកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូវៀតណាមមកកាន់កម្ពុជានាពេលនេះគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានស្រាប់។ លោកជំទាវបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទជាមួយនឹង រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដើម្បីជម្រុញ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំសួរសុខទុក្ខអំពីថ្នាក់ដឹកនាំវៀតណាម ហើយសម្តេចក៏បានយល់ស្របចំពោះការវាយតម្លៃអំពីប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នៅពេលនេះយើង ខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញាតិ និងនីតិបញ្ញាតិអោយបានរឹងមាំថែមទៀត។ យើងមានទិសដៅរួមគ្នាហើយត្រូវបំពេញឲ្យគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យប្រជាជននៃប្រទេសទាំងពីរមានជីវភាពកាន់តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកជួយសម្រួលឲ្យប្រជាជនកម្ពុជាយើងបានឆ្លងទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសវៀតណាម ជាពិសេស ប្រជាជនដែលកំពុងរស់នៅតាមព្រំប្រទល់៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1108832285831934/” width=”600″ height=”400″ onlyvideo=”1″]