រាជធានីភ្នំពេញ ៖ នៅថ្ងៃ អាទិត្យ ទី ២៨ ខែ សីហា ឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរស បាន បង្ហាត់កីឡាបាល់ឱបលើកដំបូងរបស់ខ្លួនដល់កុមារ ១០០ នាក់ មកពីសាលាបឋមសិក្សាគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានធ្វើឡើងដោយ បុគ្គលិករបស់ណាហ្គាវើល គឺលោក Steve Noble ដែលជាគ្រូបង្វឹកបាល់ឱប ។ គាត់បានមានប្រសាសន៍ថា “កីឡាបាល់ឱប គឺជាកីឡាដែលសង្កត់ធ្ងន់ទៅលើការងារជាក្រុម ។ នៅក្នុងការបណ្តុះបណ្តាលនេះ យើងបានបង្ហាត់កុមារនូវជំនាញ និងលក្ខន្តិកៈមួយចំនួនអំពីការលេងកីឡាបាល់ឱបដែលជាមេរៀនចាប់ផ្តើម ។ យើងសង្ឃឹមថា កុមារទាំងនោះ នឹងចូលចិត្តលេងកីឡាបាល់ឱប ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “នៅក្រោមកម្មវិធីការងារសង្គមរបស់យើង យើងមិនត្រឹមតែផ្តល់បាល់ទាត់ និងបាល់ទះរាប់រយដល់សាលារៀនប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានរៀបចំផែនការផ្តល់ការបណ្តុះបណ្តាលដល់កុមារកម្ពុជានៅតាមជនបទផងដែរ ។ យើងជឿជាក់ថា ការចូលរួមរបស់វិស័យឯកជននៅក្នុងវិស័យកីឡា មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសកម្ពុជា ។ យើងបានឃើញស្នាដៃដ៏អស្ចារ្យរបស់កីឡាករ/កីឡាការិនីមួយចំនួនរបស់យើងនៅក្នុងការប្រកួតលើឆាកអន្តរជាតិ ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា យើងជឿជាក់ថា កីឡាករ/កីឡាការិនីទាំងអស់របស់កម្ពុជា នឹងមានលទ្ធភាពបង្កើនស្នាដៃរបស់ខ្លួនបន្ថែមទៀតពីលើស្នាដៃបច្ចុប្បន្ន “ ។
កុមារា រ៉េង ផាសិទ្ធ សិស្សសាលាបឋមសិក្សាគោកបញ្ជាន់ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលកីឡាបាល់ឱបនេះ បាននិយាយថា “យើងរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងការបណ្តុះ បណ្តាលកីឡាបាល់ឱបរបស់ណាហ្គាវើលបេះដូងសប្បុរស ។ ជាការពិត យើងមិនបានដឹងពីរបៀបលេងកីឡាបាល់ឱបនេះទេពីមុនមក ។ បន្ទាប់ពីការបណ្តុះបណ្តាលនេះ យើងយល់ដឹងបានច្រើនជាងមុន ហើយយល់ឃើញថា កីឡានេះធ្វើឲ្យយើងសប្បាយ និងហាត់លេងជាក្រុមទៀតផង ។ យើងសង្ឃឹមថា ណាហ្គាវើលបេះដូងសប្បុរស នឹងបណ្តុះបណ្តាលយើងបន្ថែមទៀតនៅពេលអនាគត ។ យើងក៏ចង់ក្លាយជាអ្នកលេងកីឡាបាល់ឱបអាជីពផងដែរនាពេលអនាគត ។ យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលបានផ្តល់សម្ភារៈកីឡាជាច្រើន និងការបណ្តុះបណ្តាលដល់យើង ហើយយើងនឹងចងចាំអំពើល្អនេះជារៀងរហូត “ ។
លោក ខំ ផាង គ្រូបង្រៀននៃសាលាបឋមសិក្សាគោកបញ្ជាន់ មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសដែលតែងតែផ្តល់ការបណ្តុះបណ្តាលកីឡាដល់សិស្សរបស់យើង ។ យើងសង្ឃឹមថា កុមារទាំងនេះនឹងតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្ដរជាតិនៅថ្ងៃណាមួយនាពេលអនាគត ។ ខ្ញុំបានកត់សម្គាល់ឃើញមានការរីកចម្រើនបន្ទាប់ពីមានការបណ្តុះបណ្តាលកីឡាដែលផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស ។ សិស្សានុសិស្សរបស់យើងបាន ចាប់អារម្មណ៍ការលេងកីឡាជាងមុន ។ លើសពីនេះទៀត សិស្សក៏មានសុខភាពល្អជាងមុនផងដែរ បន្ទាប់ពីពួកគេចូលរួមលេងកីឡាដែលរៀបចំឡើងដោយណាហ្គាវើលបេះដូងសប្បុរស ។ យើងសូមអរគុណ និងសូមជូនពរឲ្យណាហ្គាវើលទទួលបានភាពចម្រុងចម្រើនក្នុងពាណិជ្ជកម្មរបស់ខ្លួន » ៕ ស ដារ៉ា