ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ ក្រោយពីគ្រូពេទ្យអត់មានសញ្ញាបត្រ ហើយត្រូវជាដន្លងនឹងគ្នាផងនោះចាក់ថ្នាំ៣ម្ជុលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិច្រកម្រាក់ ឃុំអងប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដើរចាក់ថ្នាំម្នាក់ គ្មានសញ្ញាបត្រ ឈ្មោះ អៀក សារ៉ាន ភេទប្រុស អាយុ ៥១ឆ្នាំ នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ស្រុករមាសហែក ត្រូវជាដន្លងជាមួយស្ត្រីរងគ្រោះ ។
ចំពោះអ្នកស្លាប់ឈ្មោះ ជេត សាខន ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិច្រកម្រ័ក្ស ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មានអការៈ វិលមុខ និងលើសសម្ពាធឈាម ដោយដំបូងដន្លងគាត់ឲ្យថ្នាំលេប ក្រោយមក ក៏បានចាក់ថ្នាំ ៣ម្ជុល មាន Vitamine C , Cimedtidine និង Vitamine B6 ចាក់ IV ទាំងអស់ ។ ក្រោយពីបានចាក់ថ្នាំ១ម្ជុលចុងក្រោយ អ្នកជំងឺមានអការៈរមាស់ ហឹងត្រចៀក ទន់ដៃជើងទៅៗ រួចក៏ដាច់ខ្យល់ស្លាប់តែម្តង ។
បន្ទាប់មកដន្លងដែលបានចាក់ថ្នាំ ក្រោយពីឃើញសភាពការណ៍មិនស្រួល បានគេចខ្លួនបាតតែម្ដង។
សពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនគ្រូពេទ្យអត់សញ្ញាបត្រដើម្បីកាត់ទោសតាមច្បាប់ខានតែបាន ៕ យឹម សុថាន