ព័ត៌មានទាន់ហេតុការណ៍៖

បណ្ណាល័យធនធាននៅរោងចក្រកាត់ដេរថ្មីមួយទៀតត្រូវបានបើកដំណើរការជាផ្លូវការ

ចែករំលែក៖

ខេត្តកណ្តាល៖ បណ្ណាល័យមណ្ឌលធនធានទី៩នៅក្នុងរោងចក្រកាត់ដេរ ដែលអាចឲ្យកម្មករកម្មការិនីអភិវឌ្ឍន៍ការអប់រំរបស់ខ្លួន ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណបណ្តាល័យនៃរោងចក្រកាត់ដេរ TY Fashion ក្រោមវត្តមានមន្ត្រីក្រសួងការងារ តំណាងរោងចក្រ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ម្ចាស់ជំនួយ មន្ត្រីអង្គការ និងកម្មករកម្មការិនីជាច្រើន ។

ការលើកកម្ពស់គុណភាពអប់រំសម្រាប់កម្មករកម្មការិនីរោងចក្រនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាដៃរបស់អង្គការស៊ីប៉ា (Sipar) និងក្រុមហ៊ុនSmart ដែលតាមគម្រោងមានបណ្ណាល័យ ក្នុងគម្រោងចំនួន១៨ ហើយនេះ គឺជាការបើកដំណើរការបណ្តាល័យទី៩របស់គម្រោងនេះ។ ទីនេះ នឹងក្លាយជាទីកន្លែងសម្រាប់រៀន អាន និងស្វែងយល់បន្ថែមពីវិធីថែទាំសុខភាព តាមរយៈការអាន សិក្សានៅពេលសម្រាកពីការងារ ។ ក្នុងភាពជាដៃគូក្រុមហ៊ុនSmartបានផ្តល់ជូនដល់បណ្តាល័យនូវ iPad Mini3 ចំនួន៣៦គ្រឿង ។

បណ្ណាល័យមណ្ឌលធនធាននេះ គឺជាផ្នែកមួយនៃគម្រោងរយៈពេល៣ឆ្នាំ នៃការភិវឌ្ឍផ្នែកអប់រំ និងសង្គមសម្រាប់កម្មករកម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជា ក្រោមជំនួយហរិរញ្ញប្បទានរួមគ្នា ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានមានប្រសាសន៍ថា លោកអរគុណចំពោះក្រុមហ៊ុន Smart ដែលបានផ្តល់ iPad Mini3 សម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យ ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មាន ជាពិសេសទាក់ទងជំនួយដល់ការសិក្សារបស់ពួកគេ ។ លោកថា រហូតមកដល់ពេលនេះ បណ្ណាល័យធនធានទាំង៨ បានបើកឲ្យប្រើប្រាស់ដល់កម្មករកម្មការិនីចំនួន១៧៩៦២នាក់រួចមកហើយៗបណ្តាល័យទី៩នៅរោងចក្រTY Fashion នេះ នឹងធ្វើឲ្យកំណើនអ្នកទទួលផលដល់ជាង២ម៉ឺននាក់។

លោក ថូម៉ាស ហ៊ុននាយកប្រតិបត្តិក្រុមហ៊ុន Smart បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនមានមោទនភាពក្នុងការចាប់ដៃគូជាមួយនឹងអង្គការ ស៊ីប៉ា ដើម្បីចូលរួមផ្សព្វផ្សាយទម្លាប់ នៃការអានដល់ប្រជាពលរដ្ឋខ្មែរ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនលើវិស័យអប់រំ ។ លោកបន្តថា iPad ដែលក្រុមហ៊ុនផ្តល់ជូន ក៏មានការភ្ជាប់នូវប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមហ៊ុនដែលអ្នកប្រើប្រាស់អាចភ្ជាប់ទៅកាន់សៀវភៅរាប់ពាន់ក្បាលផ្សេងទៀតបាន ។ លោកសង្ឃឹមថា កិច្ចសហការនេះ នឹងជួយឲ្យអំណាននិងអក្ខរភាពផ្នែកឌីជីថលមានការកើនឡើងនៅក្នុងរោងចក្រទាំងនោះ ។

លោក អេតម៉ុន លីម នាយកទូទៅរោងចក្រកាត់ដេរ TY Fashion លើកឡើងថា ក្រុមហ៊នបានយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានមនុស្ស និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក ដោយការផ្តល់នូវបរិយាកាសការងារល្អប្រសើរតាមរយៈការផ្តល់ចំណេះដឹងជំនាញ បង្កើនលទ្ធភាពការងារ និងលើកកម្ពស់ជីវភាពរបស់កម្មករកម្មការិនី ។ លោកជឿជាក់ថា គម្រោងបណ្ណាល័យធនធាននឹងជំរុញឲ្យពួកគេធ្វើដំណើរទៅមុខប្រកបដោយទំនុកចិត្ត។

គួរបញ្ជាក់ដែរថា តាមគម្រោងគេនឹងបង្កើតបណ្ណាល័យធនធានដូចគ្នានេះឲ្យបានដល់ចំនួន១៨ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ។ អង្គការស៊ីប៉ា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងជ្រើសរើសរោងចក្រចំនួន៩កន្លែងផ្សេងទៀត សម្រាប់ជំហ៊ានទី២នៃគម្រោងនេះ ៕ វឌ្ឍនា

vuthy2-1 vuthy2-3 vuthy2-2


ចែករំលែក៖