ភ្នំពេញ៖ អារម្មណ៍រំភើប និងរំជួលចិត្តបានធ្វើឲ្យពិធីការិនីខៀវ សានសាណា ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន គ្រាដែលឪពុកម្តាយឡើងកាត់សក់បង្កក់សិរី ។ ក្រៅពីពិធីមួយចំនួនត្រូវបានកាត់ចោល ពិធីមង្គលការនាង ក៏មិនមានវត្តមានអ្នកសិល្បៈច្រើនហូរហៀដូចបណ្តាមង្គលការសិល្បករដទៃនោះដែរ ។
ខៀវ សានសាណា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា នៅសណ្ឋាគាឡឺរ៉ូយ៉ាល់ ។ ក្នុងពិធីហែជំនូន បំពាក់ចិញ្ចៀន និងពិធីកាត់សក់បង្កក់សិរីនៅព្រឹកថ្ងៃនោះដែរ គេសង្កេតឃើញមានវត្តមានភ្ញៀវកិត្តិយសប្រុស ស្រី ដែលជាមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភបាល និងអ្នកជំនួញមានមុខមាត់ជាច្រើនចូលរួម ។
ពិធីការិនីទូរទស្សន៍ My TV អ្នកនាងខៀវ សានសាណា បញ្ជាក់ថា ពិធីមង្គលការនាង នឹងមិនមានការរៀបចំគ្រប់ទម្រង់នៃទំនៀមទម្លាប់ខ្មែរទេ ព្រោះតែនាង និងស្វាមីសុទ្ធតែធ្លាប់រៀបការម្តងរួចមកហើយ ។ នាងបញ្ជាក់ថា មិនមានពិធីចូលរោងសូត្រមន្តនោះទេនៅថ្ងៃទី៧ ខែតុលា ប៉ុន្តែចាប់ពីព្រឹកថ្ងៃទី៨ ខែតុលា ទៅនឹងមានពិធីហែជំនូន កាត់សក់ ចងដៃ នៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់តែម្តង ។ អ្នកនាងបានថ្លែងការសុំទោសចំពោះតារាសិល្បៈដោយសារតែអ្នកនាងរៀបចំតិចតួច ហើយភាគច្រើនគឺអញ្ជើញអ្នកជំនួញ ដែលជាមិត្តជិតស្និទ្ធិរបស់នាង និងអនាគតស្វាមី ។ អ្នកនាងខៀវ សានសាណា ប្រាប់ថា លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា និងជាបុរសពោះម៉ាយកូនមួយ ។
ក្រោយរៀបការ នាងនឹងដឹកដៃស្វាមីទីចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើន ដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប ។
គួរបញ្ជាក់ដែរថា ខៀវ សានសាណា បានរៀបការស្ងាត់ៗក្នុងវិហារគ្រឹះនៅកាណាដា កាលឆ្នាំ២០០៩ ហើយពេលនេះ អ្នកនាងមានកូន២នាក់ គឺកូនប្រុសច្បង សេម មីបូវសឺរ (Sammy Bowser ) អាយុជាង៥ឆ្នាំ កំពុងរស់នៅជាមួយអតីតស្វាមីនៅប្រទេសកាណាដា និងកូនទី២ ស្រីពៅ ដូនណាបូវសឺរ (Donna Bowser) អាយុជាង៤ឆ្នាំ និងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជា ៕ វឌ្ឍនា