ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ បានបង្ក្រាបរថយន្តធុនធំប្រភេទយីឌុប១គ្រឿងដឹកជញ្ជូនអុសចម្រុះដែលដឹកឆ្លងកាត់ពីខេត្តកំពង់ឆ្នាំង សង្ស័យគ្មានច្បាប់អនុញ្ញាត។
ការបង្ក្រាបរថយន្តយីឌុបដឹកអុសចម្រុះឆ្លងខេត្តនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ៨៩ ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥នេះ អ្នកយកព័ត៌មានទទួលបាន ប្រភពព័ត៌មានបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោយពីមានសេចក្តីរាយការណ៍និងឆ្លងយោបល់និងមានបទបញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ឱ្យលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចាត់កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ បានឃាត់រថយន្តដឹកអុសព្រៃមួយរថយន្តគ្របតង់ប្លុមបេជិតមួយរថយន្ត រហូតឈានដល់បង្ក្រាបបាន រួចប្រគល់ទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើកសាងនីតិវិធីបន្ត។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តយីឌុបដឹកអុសខាងលើ បានធ្វើសកម្មភាពដឹកអុសព្រៃចេញពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤៤ លុះពេលមកដល់ចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៩ ទៅលេខ៩០ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់សួរនាំរថយន្តដឹកអុសព្រៃស្រស់ៗ១គ្រឿង ដែលមានម៉ាកហ៊ីយ៉ាន់ដាយ(HYANDAI) ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 3A-27 88 ផ្ទុកទៅដោយអុសព្រៃ។ ក្រោយពីការសាកសួរ ទើបដឹងថាគ្មានលិខិតអនុញ្ញាត ចំនួនអុសនៅលើរថយន្តនោះ ផ្ទុកប្រមាណ៣០ទៅ៤០ម៉ែត្រគូប នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ទាល់តែខាងជំនាញធ្វើការវាស់វែងទើបដឹងទិន្នន័យច្បាស់លាស់។
ក្រោយពីមានកម្លាំងសហការក្នុងមូលដ្ឋាន ឈានដល់ការបង្ក្រាបបានរថយន្តដឹកអុសព្រៃខាងលើគឺគ្មានលិខិត អនុញ្ញាត ភ្លាមៗកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានប្រគល់រថយន្តដឹកអុសព្រៃ ជាសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ជូនទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីកសាងនីតិវិធីបន្តតាម ច្បាប់រដ្ឋបាលព្រៃឈើ ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីវេលាម៉ោង០៤និង៥៣នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារចម្រុះដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ រួមជាមួយនាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោរ និងកម្លាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ៣រូប បានទទួលវត្ថុតាងបទល្មើសព្រៃឈើមួយករណី មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកណ្តាល 3A-2788 ចំនួន០១គ្រឿង និងអុសចម្រុះប្រភេទដែលមានផ្ទុកនៅលើរថយន្ត ( ពុំទាន់បានធ្វើការវាស់វែង) ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បញ្ជាក់ថា ជាលទ្ធផលក្រុមការងារបាននាំរថយន្តល្មើសនោះពីកន្លែងកើតហេតុ យកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង និងបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច