អន្តរជាតិ៖ លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានចេញការព្រមានជាថ្មីថា ចលនាណាមួយរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមយកកោះ Greenland ដោយកម្លាំង នឹងបំផ្លាញទំនាក់ទំនងសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិករយៈពេល ៨០ឆ្នាំ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ម្តងទៀតនូវបំណងប្រាថ្នាផ្ទាល់ខ្លួន ដើម្បីបញ្ចូលទឹកដីអាកទិកសម្បូរទៅដោយរ៉ែនិងធនធានដ៏កម្រ។ នេះបើយោងតាមការចុះផ្សាយចុះផ្សាយដោយ CNA នាថ្ងៃទី ០៦ ខែមករា
ថ្លែងប្រាប់បណ្តាញ TV2 លោកស្រី Mette Frederiksen បាននិយាយថា៖ «ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តវាយប្រហារដោយយោធាទៅលើប្រទេសណាតូមួយផ្សេងទៀត នោះអ្វីៗទាំងអស់នឹងឈប់ រួមទាំងណាតូ និងសន្តិសុខក្រោយសង្គ្រាមលោកលើកទី ២»។
ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងមួយនេះបានកើតឡើងកាន់តែខ្លាំងឡើង បន្ទាប់ពីមេដឹកនាំអាមេរិកបានផ្ដល់កិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទស្សនាវដ្តី The Atlantic កាលពីថ្ងៃអាទិត្យទី៤មករា ថា «យើងត្រូវការកោះ Greenland ដើម្បីការពារសន្តិសុខជាតិ ហើយប្រទេសដាណឺម៉ាកនឹងមិនអាចធ្វើវាបានទេ»។
ជាការឆ្លើយតបវិញ នាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen បានប្រាប់លោក ត្រាំ ឱ្យដកថយ ខណៈប្រទេសអឺរ៉ុបជាច្រើន និងសហភាពអឺរ៉ុបបានសម្រុកគាំទ្រដាណឺម៉ាក និងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងសម្ព័ន្ធមិត្តណាតូ។
យ៉ាងណាមិញ ដោយសារតែការអន្តរាគមន៍យោធារបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានបញ្ឆេះការភ័យខ្លាចឡើងវិញអំពីផែនការលោកត្រាំលើទឹកដីដាណឺម៉ាកស្វយ័ត ដែលមានដីល្បាប់ដ៏កម្រហើយមិនទាន់បានប្រើប្រាស់នូវឡើយ និងអាចជាតួអង្គសំខាន់មួយ ខណៈដែលទឹកកកប៉ូលរលាយក៏បានបើកផ្លូវដឹកជញ្ជូនថ្មីដែរ។
ជាងនោះទៅទៀតដែរ កាលពីខែមុន លោកត្រាំបានតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសប្រចាំកោះ Greenland។ លោក Landry បានពណ៌នាថា តួនាទីរបស់លោកមានគោលបំណងធ្វើឲ្យកោះមួយនេះ ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក៕ដោយ៖តារា
លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក និង លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ
រូបភាព៖ កោះ Greenland

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច