ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋមកកាន់សារមន្ទីរប្រល័យ ពូជសាសន៍គុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯកក៏ដូចជានៅសាលាក្តីខ្មែរក្រហមពិតជាមានសារសំខាន់ ក្នុងការសិក្សាឈ្វេងយល់ពីការពិតដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងដំណើរស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាទាំងនេះ ។
ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងឧក្រិដ្ឋកម្ម និងការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។ នេះ ជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៦ នៅអំឡុងពេលនៃការ ផ្សព្វផ្សាយអំពីសាលាក្តីខ្មែរ ក្រហម និង ទីតាំងឧក្រិដ្ឋកម្មមន្ទីរស-២១ និងបឹងជើងឯកជូនដល់ប្រជាពលរដ្ឋជាង២០០នាក់ មកពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការរៀបចំផ្សព្វផ្សាយដើម្បីរក្សាប្រក្រតី ភាពនៃដំណើរការផ្សព្វផ្សាយអំពីសាលាក្តីខ្មែរក្រហមជូនដល់ប្រជាពលរដ្ឋ ខណៈ បច្ចុប្បន្ន ទីធ្លា និងច្រកចូលទៅកាន់សាលាក្តីខ្មែរក្រហមត្រូវបានទឹកជន់លិចមិនទាន់មានផ្លូវសុវត្ថិភាពណាមួយសម្រាប់ចូល រួមរបស់សាធារណជនក្នុងដំណើរការ សវនាការនេះទេ ។ ហេតុដូច្នេះសាធារណជនមិនអាចចូលទៅកាន់សាលសវនាការ បាននៅឡើយ ។ លោកថ្លែងថា បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមទស្សនកិច្ចនេះនឹងទទួលបាននូវព័ត៌មានសំខាន់ៗ និងយក ទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានរបស់ពួកគាត់ ។ លោក ក៏បានគូសបញ្ជាក់ដែរថា ក្នុងចំណោមប្រជាពលរដ្ឋមកទស្សនកិច្ចនេះមានយុវជនយុវនារីដែលមិនបានឆ្លងកាត់របបខ្មែរក្រហមហើយទស្សនកិច្ចនេះនឹងផ្តល់នូវព័ត៌មាន ព្រមទាំងការចងចាំរបស់ពួកគាត់ចំពោះរឿងរ៉ាវអតីតកាលផងដែរ ។
លោក នេត្រ ភក្ត្រា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហមដែលបានសម្រេចនា ពេលកន្លងមកក្នុងនោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទូលស្លែង និងនៅបឹងជើងឯកត្រូវបានយកទៅជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមដោយជនជាប់ចោទ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួល ស្លែងត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់ មួយជីវិត ។
បច្ចុប្បន្ន ឌុច មានអាយុ៧៤ឆ្នាំ និងកំពុង តែអនុវត្តទោសជាប់ពន្ធនាគារមួយជីវិត របស់គាត់នៅពន្ធនាគារខេត្តកណ្តាល ។ លោកបានបន្តថា ចំពោះសំណុំរឿង ០០២/០១ អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា នួន ជា និងខៀវ សំផន មាន ពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធអង្គហេតុជម្លៀសប្រជាជន ដោយបង្ខំដំណាក់កាលទី១ និងទី២ និងការសម្លាប់អតីតមន្ត្រីរដ្ឋការសម័យសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ និងបានសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារ អស់មួយជីវិត ។ ទាក់ទងនឹងសំណុំរឿង ០០២/០១នេះ អង្គជំនុំជម្រះតុលាការកំពូលគ្រោងនឹងប្រកាស សាលដីកានៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានឱ្យដឹងផងដែរថា ការជំនុំជម្រះក្តីសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន បានដំណើរការរយៈពេល ជាង២២០ ថ្ងៃហើយនិងបានស្តាប់ការផ្តល់សក្ខីកម្មសាក្សីជិត១០០នាក់ ដើមបណ្តឹង រដ្ឋប្បវេណីជាង៥០នាក់ និងអ្នកជំនាញ ចំនួន៥ រូប ។ អង្គជំនុំជម្រះសាលាដំបូងដែលកំពុងបើកសវនាការសួរដេញដោលលើ ភស្តុតាំងក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងឧក្រិដ្ឋ កម្មសង្គ្រាម ហើយគ្រោងនឹងបញ្ចប់ការសួរដេញដោលនៅចុងឆ្នាំ២០១៦នេះ ។ អង្គ ជំនុំជម្រះសាលាដំបូងគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅ ចុងឆ្នាំ ២០១៧ ។
បន្ទាប់ពីទទួលបាននូវព័ត៌មានទាក់ទងនឹង ការវិវឌ្ឍថ្មីៗរបស់សាលាក្តីខ្មែរក្រហមបង ប្អូនប្រជាពលរដ្ឋមកពីខេត្តបានបន្តដំណើរ ទស្សនកិច្ចរបស់ខ្លួននៅសារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង ដោយមានមគ្គុទ្ទេស ក៏របស់សារមន្ទីរពន្យល់ពីប្រវត្តិ និងរឿងរ៉ាវ ដែលកើតឡើងនៅទីនេះ ព្រមទាំងបាន ទស្សនានូវរូបថតរបស់ជនរងគ្រោះ និង បន្ទប់ឃុំឃាំងអ្នកទោសផងដែរ។ ពលរដ្ឋដែលមកទស្សនកិច្ចមានទឹកមុខស្រងូតស្រងាត់ តក់ស្លុតចំពោះ ការបាត់បង់ជីវវិត របស់ជនស្លួតត្រង់ខ្មែរក្នុងរបបខ្មែរក្រហម ៕ សហការី