ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។ ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូលរៀនរៀនថ្នាក់ឆ្នាំទី១ កំរិតបរិញ្ញាបត្ររងចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យអន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបង ចំនួន ១០០នាក់)។
បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្រ្តីរបស់ខ្លួនចំនួន ២៦២នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយឧបការី កែវ ធីវុធ។ អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយឧបការី យ៉ិនទៀង ពុទ្ធិរ៉ា ដោយមានលោក ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយកដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។
បើតាមលោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្ម បាឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា មេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។
ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា និងអគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថាខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច