ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនខណៈដែលដាល់កញ្ចក់រថយន្តគេបណ្ដាលឲ្យបែក ហើយថែមទាំងវាយទៅលើស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាលឱ្យរងរបួសមុខ ព្រោះតែរឿងថយរថយន្តកិនជើងពេលចេញពីហូបការ។
ករណីហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយត្រូវនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដៃដលដែលឃាត់ខ្លួនបានមានឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពប្រើដៃវាយទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះឈ្មោះ ខេន វុធថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបែកកញ្ចក់ទ្វារមុខ ខូចខាតទាំងស្រុងនិងវាយទៅលើប្រពន្ធជនរងគ្រោះដែលឈ្មោះ ថា មានអឺ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ចំមុខមួយដៃថែមទៀត ខណៈដែលជនរងគ្រោះមកចូលរួមកម្មវិធីមង្គលការបងប្អូនសាច់ញាតិនៅភូមិ ឃុំកើតហេតុខាងលើ ។
នគរបាលស្រុកឱរ៉ាល់បានបន្តឲ្យដឹងថា ករណីខាងលើកើតឡើងបណ្ដាលមកពីជនសង្ស័យស្រវឹងស្រាហើយខឹងជនរងគ្រោះថយរថយន្តកិនជើងខ្លួន ហើយក៏វាយកញ្ចក់រថយន្តបណ្ដាលឲ្យបែករួចវាយទៅលើប្រពន្ធជនរងគ្រោះ១ដៃចំមុខថែមទៀត។ ភ្លាមៗនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។
នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននិងបណ្ដឹងរបស់ជនរងគ្រោះរួចមក កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោរបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច