ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃស្រុកមង្គលបូរី ក្នុងចំណោម១៣ឃុំ មាន៧ឃុំប្រឈមនឹងទឹកលិចស្រូវស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅស្រុកមង្គលបូរី បាននាំគ្នាលើកឡើងថា ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ ក្នុងចំណោម១៣ឃុំ មាន៧ឃុំ ប្រឈមនឹងទឹកលិចស្រូវស្រាល(ធ្វើលើកទី២) ។

លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីបានប្រាប់ថា នៅស្រុកមង្គលបូរីមាន១៣ឃុំ តែរយៈពេលប៉ុន្មានថ្ងៃនេះ ដោយភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យជន់លិចស្រូវដែលប្រជាកសិករធ្វើលើកទី២ ប្រឈមប៉ះពាល់មាន៧ឃុំ មានឃុំសឿ ចំណោម រហាត់ទឹក បត់ត្រង់ បន្ទាយនាង អូរប្រាសាទ និងភ្នំតូច ។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលជនលិចក្នុងស្រុកមង្គលបូរី តាមបណ្តាឃុំមួយចំនួន គឺកើតមានស្ទើរតែរាល់ឆ្នាំ អំឡុងខែកញ្ញា ដល់ខែតុលា ហើយបើគ្មានទឹកជំនន់ពីប្រទេសជិតខាងទេ នៅអំឡុងខែវិច្ឆិកា ទឹកអាចស្រកទៅវិញ ។ ប្រជាកសិករនាំគ្នាបង្កបង្កើនផលប្រភេទស្រូវស្រាល ឬស្រូវប្រាំងដែលជាលើកទី២ ។

លោក បានបន្តថា ជំនន់ទឹកភ្លៀងជនលិចស្រូវធ្វើលើកទី២នេះ មើលតាមស្ថានភាពទឹក បើគ្មានភ្លៀងធ្លាក់រយៈពេល៧ថ្ងៃទៀត ទឹកស្រកទៅផ្នែកខាងក្រោមស្រូវ ដែលធ្វើហើយ នៅលើកទី២ មិនបណ្តាលឲ្យខូចឡើយ ហើយប្រជាកសិករខ្លះ ដែលមិនទាន់ធ្វើ នឹងបន្តធ្វើស្រូវលើកទី២បន្តទៀត ។

ដោយឡែកប្រជាកសិករឃុំចំណោមប្រាប់ថា ស្រូវស្រាលដែលប្រជាកសិករសម្រុកធ្វើលើកទី២ នៅវាលខាងលិចភូមិចំណោម ដែលលិចនៅផ្នែងខាងត្បូងផ្លូវ និងខាងលិចប្រឡាយត្បូង និងជើងផ្លូវនោះ ។ ព្រោះតែស្រូវក្នុងឆ្នាំ២០១៦នេះ ដើមរដូវធ្វើទទួលបានផលល្អ តែតម្លៃថោក ទើបគ្មានលុយសងថ្លៃភ្ជួរ និងជី ថ្នាំ បាញ់ស្រូវ ទើបនាំគ្នាសម្រុកធ្វើលើកទី២ នៅដើមដៃ សង្ឃឹមថា ទទួលផលលើកទី២នេះ តម្លៃថ្លៃជាងលើកទី១ ដើម្បីសងបំណុលគេ ៕ វណ្ណា

abs-2 abs abs-1


ចែករំលែក៖