ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Nvidiaសង្ឃឹមថាចំណូលពីបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) អាចឈានដល់ 1 ទ្រីលានដុល្លារ នៅឆ្នាំ 2027

ចែករំលែក៖

ក្រុមហ៊ុន Nvidia បាននិយាយថា ឱកាសចំណូលពីបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) អាចឈានដល់យ៉ាងហោចណាស់ 1 ទ្រីលានដុល្លារ នៅឆ្នាំ 2027 ខណៈក្រុមហ៊ុនកំពុងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីប្រកួតប្រជែងខ្លាំងជាងមុននៅទីផ្សារ AI ដែលកំពុងរីកចម្រើនយ៉ាងលឿន។

នាយកប្រតិបត្តិ Jensen Huang បានបង្ហាញ ប្រព័ន្ធដំណើរការកណ្ដាលថ្មី (CPU) និងប្រព័ន្ធ AI មួយ ដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យាពីក្រុមហ៊ុនចាប់ផ្តើមផលិតបន្ទះឈីប Groq។ Nvidia បានទិញអាជ្ញាបណ្ណបច្ចេកវិទ្យានេះក្នុងតម្លៃប្រហែល 17 ពាន់លានដុល្លារ កាលពីខែធ្នូ។

ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ Nvidia GTC developer conference ដែលប្រារព្ធឡើងនៅទីក្រុង San Jose រដ្ឋ California។

ជំហានថ្មីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Huang ដើម្បីពង្រឹងតំណែងរបស់ Nvidia ក្នុងវិស័យ AI inference computing ដែលជាដំណើរការឆ្លើយតបសំណួររបស់ប្រព័ន្ធ AI។ ក្នុងវិស័យនេះ បន្ទះឈីប GPU របស់ Nvidia កំពុងប្រឈមការប្រកួតប្រជែងពី CPU និងបន្ទះឈីបដែលក្រុមហ៊ុនធំៗបង្កើតដោយខ្លួនឯង ដូចជា Google។

កន្លងមក Nvidia គ្រប់គ្រងទីផ្សារក្នុងការប្រើ GPU សម្រាប់ ការបណ្តុះបណ្តាលម៉ូឌែល AI (AI training) ដែលជាចំណុចសំខាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។

លោក Huang បាននិយាយថា៖

“ពេលវេលានៃការកើនឡើងខ្លាំងរបស់ AI inference បានមកដល់ហើយ ហើយតម្រូវការនៅតែបន្តកើនឡើង។”

កាលពីខែតុលាឆ្នាំមុន តម្លៃទីផ្សាររបស់ Nvidia បានឡើងដល់ប្រហែល 5 ទ្រីលានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនដំបូងដែលឈានដល់កម្រិតនេះ។ ប៉ុន្តែបច្ចុប្បន្ន មានអ្នកវិនិយោគខ្លះចាប់ផ្តើមសង្ស័យអំពីកំណើនរបស់ក្រុមហ៊ុន និងការវិនិយោគបន្តរបស់វាក្នុងប្រព័ន្ធ AI។

ការព្យាករណ៍ចំណូល 1 ទ្រីលានដុល្លារ ត្រូវបានកើនឡើងពីការព្យាករណ៍មុន ដែល Nvidia បាននិយាយថា មានឱកាសចំណូល 500 ពាន់លានដុល្លារ ដល់ឆ្នាំ 2026 សម្រាប់បន្ទះឈីប AI របស់ខ្លួនដូចជា Blackwell និង Rubin។

បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុន Nvidia បានកើនឡើងបន្តិច មុនពេលបិទទីផ្សារកើនឡើងប្រហែល 1.2%៕


ចែករំលែក៖