ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ៖

កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖

– នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។

– នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនរួមទាំងរូបព្រះពុទ្ធបដិមា។

– នៅភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច។

– នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននិងបានលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធរូបមួយព្រះអង្គ។

– នៅតំបន់តាថាវ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា រួមទាំងម្តុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។

– នៅតំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។

– កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។

តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ សកម្មភាពខាងលើគឺជាការរំលោភបន្ថែមទៀតលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមរម្លឹកជូនដែរថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាក៏បានតវ៉ាប្រឆាំងនឹងការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ និងការសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី ដូចជាផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា និងការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង នៅតំបន់ជប់អង្គញ់និងដើមត្រាង ខេត្តឧត្តរមានជ័យ។ កម្ពុជាតែងតែតវ៉ាជាបន្តបន្ទាប់នៅគ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១៖ វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយ។ ទី២៖ វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តសម្រាប់ដោះស្រាយបញ្ហាទឹកដីតាមច្បាប់អន្តរជាតិ និងទី៣៖ ការតវ៉ានេះក៏ជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាន និងការប្រឆាំងជំទាស់របស់ភាគីកម្ពុជា។

 

ជាមួយគ្នានេះ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

ដោយ​៖ តារា​


ចែករំលែក៖