ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យដំណើរការ «សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំឡើងដោយធនាគារ Bank of China សាខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា, លោក Sun Yu នាយកប្រតិបត្តិនៃធនាគារ Bank of China សាខាហុងកុង លោក អ៊ុក សារ៉ាត់ តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសមកពីស្ថាប័នរដ្ឋ ឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ហិរញ្ញវត្ថុ និងដៃគូអាជីវកម្មជាច្រើន។
ថ្លែងក្នុងឱកាស នៃកម្មវិធីដ៏សំខាន់នេះ គណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អ ក្នុងការបង្កើតបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ដែលផ្តល់នូវភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរចិន ឬអន្តរជាតិដែលអញ្ជើញមកដល់កម្ពុជា អាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។
ការផ្តល់សេវាកម្មនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត និងគួរជាទីមោទនៈរបស់រដ្ឋាភិបាលកម្ពុជា និងចិនលើការធ្វើបរិវត្តកម្មឌីជីថលលើផ្នែកទេសចរណ៍ ហរិញ្ញវត្ថុ និងប្រព័ន្ធទូទាត់ឆ្លងប្រទេស (QR) ក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដែលឈរលើគោលការណ៍ឈ្នះឈ្នះ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាអាទិភាព ដែលមានគោលដៅរួម គឺការកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន» គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ និងជាយន្តការថ្មីជួយបង្កើនសន្ទុះយុទ្ធនាការទេសចរណ៍ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។
លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងបន្តឥតឈប់ឈររបស់ស្ថានទូតចិនប្រចាំកម្ពុជា និងធនាគារចិន សាខាភ្នំពេញ ជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយ របស់ក្រសួងទេសចរណ៍ ក្នុងការជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ក្នុងឆ្នាំ២០២៦នេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន។
លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនដល់អង្គពិធី និងភ្ញៀវទេសចរចិន និងអន្តរជាតិ ការធានាផ្តល់ជូននូវសុខសុវត្ថិភាព និងសន្តិសុខដល់ភ្ញៀវទេសចរអន្តរជាតិ និងធុរជនបរទេសដែលកំពុងស្នាក់នៅ ទស្សនា និងធ្វើដំណើរនៅកម្ពុជាជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលជាអ្នកដឹកនាំបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សូមបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន និងបណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន មិនត្រឹមតែជំរុញការទូទាត់ដោយពុំប្រើសាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកធ្វើទំនើបកម្ម និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍តាមបែបឌីជីថល និងឱ្យកាន់តែសម្បូរបែបឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន និងអន្តរជាតិជំរុញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគកាន់តែច្រើន៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច