ព័ត៌មានទាន់ហេតុការណ៍៖

អ្នកយល់ការងារច្បាស់ ជាមួយនឹងសារព័ត៌មានអាជីព បានលើកឡើងថា ៖ ទំនិញចេញ-ចូលប្រទេស មិនមែនអភិបាលខេត្តអ្នកកំណត់នោះទេ!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកលេងតាមបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអាជីព នឹងដឹងពី សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ៖ ខ្ញុំឃើញមានប្រតិកម្មច្រើនលើសម្តីលោកអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ពាក់ព័ន្ធទំនិញពីថៃ ចូលតាមច្រកត្រពាំងក្រៀល-ណងណុកខៀន ដែលច្រកទ្វារព្រំដែនអន្តរជាតិ ស្ថិតក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោកបន្តថា ៖ បងប្អូនដែលប្រតិកម្មនោះមិនយល់ ឬធ្វើមិនយល់ ព្រោះបញ្ហានេះ រាជរដ្ឋាភិបាលធ្លាប់ពន្យល់ច្រើនដងមកហើយ។

ទំនិញចេញចូលរវាងប្រទេស និងប្រទេស មិនមែនត្រឹមអភិបាលខេត្ត អាចមានសិទ្ធិសម្រេចបាននោះទេ វាជារឿងកម្រិតរដ្ឋាភិបាលទើបអាចសម្រេចបាន។ រឿងទំនិញថៃ ចូលមកកម្ពុជា តាំងពីចាប់ផ្តើមជម្លោះមក រាជរដ្ឋាភិបាលហាមឃាត់តែបន្លែផ្លែឈើ និងប្រេងតែប៉ុណ្ណោះ។ ក្រៅពីនោះ រាជរដ្ឋាភិបាលមិនដែលហាមម្តងណាឡើយ។ តែដោយសារព្រំដែនត្រូវបានបិទ ទើបទំនិញពីថៃ ត្រូវរកផ្លូវនាំចូលមកកម្ពុជា ដូចជាចូលតាមឡាវ ផ្លូវអាកាស ឬផ្លូវសមុទ្រជាដើម។

រាជរដ្ឋាភិបាលអត់ឈឺឬបានបន្តឱ្យទំនិញថៃបន្តចូលកម្ពុជា ហេតុអ្វីមិនបិទតែម្តងទៅ? សូមរាស្ត្រខ្មែរកុំបង្ខំឱ្យរាជរដ្ឋាភិបាលធ្វើរឿងខុសច្បាប់ឱ្យគេចាប់កំហុស ឬដៀល។

ការធ្វើពាណិជ្ជកម្មរវាងប្រទេស និងប្រទេស ឬពាណិជ្ជកម្មអន្តរជាតិ គឺគេមានច្បាប់របស់គេ។ កម្ពុជា ជាសមាជិកអាស៊ាន កម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ទាំងក្របខណ្ឌអាស៊ាន និងពាណិជ្ជកម្មពិភពលោក គឺសុទ្ធតែមានច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម ដែលមិនអាចរំលោភបំពាននោះទេ។ កម្ពុជា កំពុងនិយាយពីច្បាប់ រត់រកច្បាប់ ដើម្បីទប់ទល់ការឈ្លានពានរបស់ថៃ ហេតុអ្វីក៏គ្រប់គ្នាចង់ឱ្យរាជរដ្ឋាភិបាលបំពានច្បាប់។

ដូច្នេះការរុញឱ្យរាជរដ្ឋាភិបាលប្រកាសបិទទំនិញថៃ គឺមិនត្រូវទេ។ តែច្បាប់មិនបាននិយាយរឿងពលរដ្ឋមិនហូប មិនប្រើប្រាស់ទំនិញថៃនោះទេ ដូច្នេះបើបងប្អូនរាស្ត្រខ្មែរទង្វើថៃ ឈ្លានពានយើង បងប្អូនខ្មែរយើងឈប់ហូបរបស់គេ ហើយប្រឹងហូប ប្រឹងប្រើរបស់យើងទៅជាការស្រេចហើយ។ ចាំបាច់អីរុញរាជរដ្ឋាភិបាលឱ្យខុសច្បាប់។

សង្ឃឹមបងប្អូនខ្មែរយល់លើបញ្ហានេះ ខ្ញុំមិនចង់ឃើញរឿងដដែលៗនេះ បាចសាចលើបណ្តាញសង្គមនោះទេ។

សូមបញ្ជាក់ថា ៖ សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ដថា ៖  ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនមេត្តាជ្រាបថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖

ក. បន្លែ និងផ្លែឈើ

ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ៩ នេះ មានដូចខាងក្រោម៖

១. ប្រេងសាំង (Gasoline)

២. ប្រេងម៉ាស៊ូត (Diesel)

៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)

៤. ប្រេងខ្មៅ (Fuel oil) និង

៥. ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។

អាស្រ័យហេតុនេះ សូម អាជីវករ/ពាណិជ្ជករ ធុរជន និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕ 

ដោយ ៖ សិលា


ចែករំលែក៖