ព័ត៌មានទាន់ហេតុការណ៍៖

ញៀនថ្នាំខូចគំនិត ទើបចេញពីពន្ធនាគារសោះ លួចកាត់ចេកខ្ចីគេ ១ស្ទោង លីទាំងយប់ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល÷ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពីវេលាម៉ោង ២៣និង០៥នាទីយប់ ថ្ងៃទី១៨ មីនា ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ សុន ជីវ័ន្តភេទប្រុស អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ភ្លាមៗបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ១ ស្ទោង និងកាំបិតកញ្ចែត ១ដើម ដែលមានដងជ័រពណ៌ ខ្មៅ និងផ្លែដែកប្រវែង ២៨សង់ទីម៉ែត្រ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាម៉ោង ១៩និង៤០នាទីយប់ ជនសង្ស័យត្រូវបានបក្ខពួកម្នាក់ឈ្មោះ រ៉ង (ប្រុស, ២៧ឆ្នាំ) ដើរមកហៅដល់ផ្ទះ ដើម្បីបបួលទៅជក់គ្រឿងញៀននៅដីឡូត៍ទុកចោលខាងក្រោយផ្ទះ ដោយឈ្មោះ រ៉ង ជាអ្នកទិញថ្នាំញៀន ១ កញ្ចប់តូចតម្លៃ ១ម៉ឺន៥ពាន់រៀល សម្រាប់ជក់ជាមួយ គ្នា។ ក្រោយពេលជក់រួច ឈ្មោះ រ៉ង បានត្រឡប់ទៅផ្ទះវិញបាត់ ចំណែកជនសង្ស័យក៏បានក្រឡេកឃើញផ្លែចេកខ្ចី ១ស្ទោង ធ្លាក់ចូលក្នុងរបងដីឡូត៍ទំនេរនោះ រួចក៏ដើរត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ចបានបន្តថា លុះដល់វេលាម៉ោង ២១និង៤០ នាទីយប់ ថ្ងៃដដែល ជនសង្ស័យបានយកកាំបិតកញ្ចែតដើរទៅខាងក្រោយផ្ទះ និងធ្វើសកម្មភាពលួចកាត់ផ្លែចេកខ្ចីនោះតែម្តង។ រហូតដល់វេលាម៉ោង ២៣និង០៥ នាទីយប់ ពេលជនសង្ស័យកំពុងលីផ្លែចេកដែលបានកាត់នោះដើរតាមផ្លូវលំក្នុងភូមិ ក្នុងបំណងយកទៅលក់ឲ្យអ្នកលក់បន្លែ ស្រាប់តែប្រទះជួបកម្លាំងសមត្ថកិច្ចកំពុងល្បាត ទើបឈានដល់ការឃាត់ខ្លួនរួមជាមួយវត្ថុតាងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកជនសង្ស័យខាងលើនេះធ្លាប់បានធ្វើសកម្មភាពលួចកាត់ផ្លែចេកខ្ចីគេ ២ដង រួចមកហើយ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈ ពេល ១ឆ្នាំកន្លះ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖