ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាអ្នកបើករថយន្តបុកម៉ូតូ, ឪពុកប្រាប់សមត្ថកិច្ចថា កូនទាក់ទងមិនបាន ហើយមិនដឹងទៅលាក់ខ្លួននៅទីណា?

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺទាក់ទងមិនបាន ហើយមិនដឹងថា ទៅលាក់ខ្លួននៅទីណានោះទេ។

បន្ទាប់ពីប្រតិកម្មធ្លាក់ចុះដូចទឹកហូរស្រោចធ្លាក់ពីលើភ្នំគូលេននារដូវវស្សាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រហូតដល់រាស្ត្រតូចតាចពាសពេញផ្ទៃប្រទេសនោះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅលែងសុខមិនស្រណុកឱរាចេញជាអក្ខរាថ្លែងការណ៍ទាំងយប់។

ក្នុងសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបរាប់លំអិតពីដំណើរទើបទងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏ប្រល័យបង្កដោយយុវជនវ័យក្មេងលេងរថយន្តតម្លៃជាង១០ម៉ឺនដុល្លារហ៊ឺហារដោយទ្រព្យឪពុកជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ល្បីពូកែខាងរកស៊ី។

ក្នុងសេចក្តីថ្លែងការណ៍ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយ នឹងម៉ូតូចំនួន២គ្រឿងដែលម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ៣នាក់បណ្តាលឱ្យស្លាប់ចំនួន ០៣នាក់ប្រុសចំនួន ២នាក់ស្រីចំនួន ១នាក់ ។

សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ ប្រុសចំនួន ២នាក់ ស្រីចំនួន ៣នាក់ ដែលក្នុងនោះស្រីម្នាក់មានគភ៌ចំនួន ៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស ជនរងគ្រោះទាំងអស់រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ខណៈដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែងស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីនោះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ អ្នកបើករថយន្តបង្កគ្រោះថ្នាក់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុករថយន្តបង្កនៅទីនោះហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារសពបានវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ។

តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកឃើញអត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយស្រាវជ្រាវឃើញបែបនេះ សមត្ថកិច្ចនគរបាលបានចាត់វិធានការស្រាវជ្រាវស្របតាមជំនាញស្របតាមនីតិវិធីជាបន្តបន្ទាប់។ លុះដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានទាក់ទងទៅឈ្មោះ ស៊ីវ សុជាតិ ជាឪពុករបស់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដើម្បីឱ្យគាត់សហការបញ្ជាក់ពីករណីនេះក្នុងនោះគាត់ បានបញ្ជាក់ថា រថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺជាកម្មសិទ្ធរបស់កូនគាត់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ប្រាកដមែន។

លោកឪពុកជាស្នងការរងខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កូនគាត់នេះបើករថយន្តចេញពីភ្នំពេញ មកផ្លូវបាត់ដំបង មិនទៅតាមផ្លូវសៀមរាបទេ ហើយថ្ងៃដដែលគាត់បានទទួលទូរស័ព្ទពីប្រពន្ធគាត់ប្រាប់ថា កូនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង ប៉ុន្តែមកដល់ថ្ងៃនេះ គាត់មិនបានទទួលដំណឹងថា កូនរបស់គាត់ស្ថិតនៅទីណានោះទេ។

សមត្ថកិច្ចបានស្នើឱ្យឈ្មោះ ស៊ីវ សុជាតិ មន្តសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកកូនរបស់គាត់មកទទួលខុសត្រូវលើករណីនេះ។

ក្រៅពីការកសាងសំណុំរឿងស្របតាមជំនាញ ស្របតាមនីតិវិធី។ មកដល់ពេលនេះ សមត្ថកិច្ចនគរបាលបន្តប្រមូលភស្តុតាងបន្ថែមទៀត តាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅ ពីភ្នំពេញមកខេត្តបាត់ដំបង និងប្រភពផ្សេងៗទៀត ដែលអាចវាយតម្លៃនិងសន្និដ្ឋានបានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តខាងលើបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសជនរងគ្រោះដូចខាងលើ។ សមត្ថកិច្ចកំពុងសហការស្វែងរកឈ្មោះ ស៊ីវ ជ័យសិដ្ឋ យកមកទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ។

សម្តេចមហាបវរធិបតី បានបញ្ជាឱ្យលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកផ្កាយ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទៅតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ជាពិសេសស្វែងរកជនបង្កមកផ្តន្ទាទោសតាមច្បាប់ ផ្តល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យដាក់ក្នុងបញ្ជីខ្មៅលើបុគ្គលឈ្មោះ ជ័យសិដ្ឋ ដើម្បីកុំឱ្យរូបគេគេចខ្លួនចេញទៅក្រៅប្រទេសបាន៕

ដោយ៖តារា


ចែករំលែក៖